អាជ្ញាធរជប៉ុនបន្តដុតកម្ទេចសត្វមាន់ជាង ១,៥សែនក្បាលបន្ថែមទៀតដើម្បីទប់ស្កាត់ជំងឺផ្តាសាយបក្សី ខណៈតម្លៃស៊ុតមាន់នៅក្រុងតូក្យូបានកើនឡើង ៧០%បើធៀបទៅនឹងឆ្នាំមុន
- BY
- Pheakdey
- April 28, 2023
ជប៉ុន៖ អាជ្ញាធរជប៉ុនសម្រេចសម្លាប់សត្វមាន់ប្រមាណជា ១៥០,០០០ក្បាលបន្ថែមទៀត ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺផ្តាសាយបក្សី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសានេះ។ សត្វមាន់ដែលត្រូវបានសម្លាប់ដោយយកទៅដុតចោលទាំងរស់នៅពេលនេះ គឺជាប្រភេទសត្វមាន់ចិញ្ចឹមយកស៊ុត របស់កសិដ្ឋាន Minori ដែលមានទីតាំងស្ថិតនៅក្នុងអាណាខេត្ត Ibaraki ភាគខាងជើងនៃប្រទេសជប៉ុន។

គួរកត់សម្គាល់ថា ជំងឺផ្តាសាយបក្សីបានផ្តើមរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុនចាប់តាំងតែពីខែតុលា ឆ្នាំ២០២២ មក ហើយគិតត្រឹមពេលនេះ អាជ្ញាធរជប៉ុនបានសម្រេចសម្លាប់សត្វមាន់អស់ប្រមាណជា ១៧លានក្បាលហើយ ខណៈក្នុងនោះក៏មានសត្វមាន់ចិញ្ចឹមយកពងជាង ២លានក្បាលផងដែរ។ ប្រភពខាងលើបានបន្តថា វិធានការទប់ស្កាត់ការរាតត្បាតជំងឺផ្តាសាយបក្សីខាងលើនេះក៏បានជះឥទ្ធិពលដល់តម្លៃស៊ុតនៅលើទីផ្សារផងដែរ ជាក់ស្តែងនៅក្នុងទីក្រុងតូក្យូ នាពេលបច្ចុប្បន្ននេះគឺស៊ុតទំហំមធ្យម ១គីឡូក្រាមមានតម្លៃ ៣៥០ យេន (២,៦០ ដុល្លារ) ខណៈតម្លៃនេះមានការកើនឡើងប្រមាណជា ៧០% បើធៀបទៅនឹងតម្លៃជាទូទៅកាលពីឆ្នាំមុន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






