អន្តរជាតិ

សីតុណ្ហភាពនៅអេស្ប៉ាញបានកើនដល់ ៣៨,៧អង្សាសេ ដែលជារលកកម្តៅខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ប្រទេសនៅតំបន់អឺរ៉ុបមួយនេះ

BY
Pheakdey
April 28, 2023

អេស្ប៉ាញ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ  ទី២៨ ខែមេសានេះបានឲ្យដឹងថា ប្រទេសអេស្ប៉ាញបានជួបប្រទះនឹងបញ្ហារលកកម្តៅក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ និងនៅក្នុងថ្ងៃសុក្រ ទី២៨ ខែមេសានេះ។ កាលពីថ្ងៃម្សិលមិញសីតុណ្ណភាពជាទូទៅនៅក្នុងប្រទេសអេស្ប៉ាញបានកើនឡើងដល់កម្រិត ៣៤អង្សាសេ ខណៈនៅក្នុងតំបន់ Andalusia សីតុណ្ណភាពបានកើនឡើងរហូតដល់ ៣៨,៧ អង្សាសេឯណោះ។

ទន្ទឹមនឹងសីតុណ្ហភាពបានកើនឡើងយ៉ាងខ្ពស់នេះ ប្រទេសអេស្ប៉ាញក៏ត្រូវប្រឈមនឹងបញ្ហាធម្មជាតិមួយបន្ថែមទៀតផងដែរ គឺបញ្ហាភ្លើងឆេះព្រៃ។ នៅក្នុងរបាយការណ៍មួយរបស់អាជ្ញាធរបរិស្ថានអេស្ប៉ាញបានបង្ហាញថា គិតត្រឹមខែមេសាក្នុងឆ្នាំ ២០២៣នេះ ភ្លើងបានបំផ្លាញព្រៃធម្មជាតិនៅអេស្ប៉ាញអស់ប្រមាណជា ៥៤,០០០ហិកតាហើយ ខណៈគិតត្រឹមពេលវេលាដូចគ្នានេះកាលពីឆ្នាំ​ ២០២២កន្លងទៅគឺមានព្រៃត្រឹមតែ ១៧,០០០ហិកតាប៉ុណ្ណោះ ដែលបានរងនូវការបំផ្លាញដោយបញ្ហាភ្លើងឆេះព្រៃ។ បើធ្វើការប្រៀបធៀបគឺនៅក្នុងឆ្នាំនេះបញ្ហារលកកម្តៅបានបង្កមហន្តរាយដល់ប្រទេសអេស្ប៉ាញធ្ងន់ធ្ងរជាងឆ្នាំមុន ខណៈបើយោងតាមការព្យាករណ៍គឺអេស្ប៉ាញនឹងត្រូវប្រឈមបញ្ហារលកកម្តៅក្នុងរយៈពេលជាច្រើនសប្តាហ៍បន្ថែមទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: