អន្តរជាតិ

អាជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួនប្តីប្រពន្ធពីរនាក់អាយុ ១៧និង១៦ឆ្នាំ​ ក្រោយនាំគ្នាជិះម៉ូតូបង្ហោះពេញដងផ្លូវ ខណៈពួកគេត្រូវប្រឈមនឹងការពិន័យជាង ៣ពាន់ដុល្លារ និងជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ (មានវីដេអូ)

BY
Pheakdey
April 29, 2023

ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីសម្រេចឃាត់ខ្លួនពលរដ្ឋវ័យក្មេងចំនួន ២នាក់ ដែលបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះលើដងផ្លូវ និងថែមទាំងបានថតសកម្មភាពគ្រោះថ្នាក់នោះបង្ហោះជាសាធារណៈលើបណ្តាញសង្គម Facebook ទៀតផង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz កាលពីថ្ងៃសុក្រ ទី២៨ ខែមេសាម្សិល​មិញនេះបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Kelantan ភាគខាងជើងនៃ​ប្រទេសម៉ាឡេស៊ី ខណៈជនបង្កហេតុទាំង ២នាក់នោះគឺជាប្តីប្រពន្ធនឹងគ្នា។

ប្រភពខាងលើបានបន្តថា បុរសជាប្តីដែលជាអ្នកកាន់ចង្កូតម៉ូតូនោះមានឈ្មោះថា Fakhrul Idham អាយុ ១៧ឆ្នាំ ខណៈប្រពន្ធរបស់គាត់ដែលជាអ្នកជ្រែងជើងនៅពីក្រោយវិញមានឈ្មោះថា Fahimah bt Ibrahim និងទើបតែមានអាយុ ១៦ឆ្នាំប៉ុណ្ណោះ។ បើតាមអាជ្ញាធរម៉ាឡេស៊ីបានឲ្យដឹងថា សកម្មភាពរបស់ប្តីប្រពន្ធទាំង ២រូបនេះគឺជាបទល្មើសដែលមិនគួរលើកលែងនោះទេ ដ្បិតវាជាសកម្មភាពបង្កគ្រោះនៅលើដងផ្លូវដោយចេតនា ហើយម្យ៉ាងទៀតក្នុងពេលធ្វើសកម្មភាពនោះពួកគេថែមទាំងបានស្លៀកពាក់សំលៀកបំពាក់បែបប្រពៃណីឥស្លាមទៀតផង ដែលវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រមសីលធម៌ និងវិន័យនៅក្នុងសាសនាដ៏ល្អមួយនេះ។ បើយោងតាមច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេសម៉ាឡេស៊ី គឺប្តីប្រពន្ធមួយគូនេះអាចប្រឈមនឹងការជាប់គុករហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចន្លោះពី ៥,០០០រីងហ្គីត (១,១២០ ដុល្លារ) រហូតដល់ ១៥,០០០រីងហ្គីត (៣,៣៦៣ ដុល្លារ៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: