សិង្ហបុរីផ្តន្ទាទោសបុរសជនជាតិចិន ៣នាក់ឲ្យជាប់ពន្ធនាគាររហូតដល់ ១០ខែ ក្រោយពួកគេបានយកជ័រកាវមកបិទនៅបាតដៃដើម្បីបន្លំលួចយកកាក់នៅក្នុងកាស៊ីណូ
- BY
- Pheakdey
- May 3, 2023
សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីសម្រេចផ្តន្ទាទោសបុរសជនជាតិចិន ៣នាក់ឲ្យជាប់ពន្ធនាគាររហូតដល់ ១០ខែ ក្រោយពួកគេបានធ្វើសកម្មភាពលួចយកកាក់នៅក្នុងកាស៊ីណូក្នុងតំបន់កំសាន្ត Marina Bay Sands និង Resorts World Sentosa នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃអង្គារ ទី ២ ខែឧសភានេះ។ បុរសទាំង ៣នាក់នោះគឺជាមិត្តភក្តិនឹងគ្នា ដែលបានធ្វើដំណើរចេញពីប្រទេសចិនទៅកាន់ប្រទេសសិង្ហបុរីក្នុងគោលបំណងដើរកំសាន្ត តែពួកគេបានរៀបគម្រោងសម្រាប់ធ្វើសកម្មភាពលួចយកកាក់ទាំងនេះរួចជាស្រេចតាំងពីមុនពេលបានទៅដល់ទឹកដីសិង្ហបុរីម្ល៉េះ។

ប្រភពខាងលើបានបន្តថា ក្រុមជនខិលខូចបានយកជ័រកាវថ្លាមួយប្រភេទ មកលាបនៅបាតដៃនិងម្រាមដៃរបស់ពួកគេដើម្បីបន្លំយកកាក់ដែលគេទុកប្រើប្រាស់សម្រាប់ធ្វើការភ្នាល់នៅក្នុងកាស៊ីណូ ហើយគិតត្រឹមពេលចាប់ខ្លួនពួកគេនោះគឺពួកគេបានលួចយកកាក់អស់ជាច្រើនប្រភេទដែលមានតម្លៃសរុប ១,៥៧៥ ដុល្លារ។ គួរបញ្ជាក់ជូនថា បុរសជនជាតិចិនទាំង ៣រូបនោះរួមមានលោក Jiang Renjing អាយុ ៥៥ឆ្នាំត្រូវជាប់ពន្ធនាគាររយៈពេល ៧ខែ ខណៈ ២រូបទៀតគឺលោក Huang Chunsheng អាយុ ៥០ឆ្នាំ និងលោក Zheng Jiansheng អាយុ ៦៤ឆ្នាំ ដែលពួកគាត់ម្នាក់ៗត្រូវជាប់ពន្ធនាគាររហូតដល់ ១០ខែ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






