អ្នកប្រដាល់គុនខ្មែរ សែន ចន្ទរិទ្ធីគុន នឹងត្រូវមានភារកិច្ចប្រកួតតំណាងកម្ពុជាប៉ះជាមួយថៃ នៅលើសង្វៀនប្រទេសម៉ាឡេស៊ីនៅថ្ងៃនេះ
- BY
- autoadmin
- May 6, 2023
ស្របពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ អ្នកប្រដាល់គុនខ្មែរ សែន ចន្ទរិទ្ធីគុន (Thiago Teixeira) របស់យើង ក៏នឹងត្រូវបំពេញភារកិច្ចតំណាងឱ្យកម្ពុជានៅលើសង្វៀនបរទេស ប៉ះជាមួយអ្នកប្រដាល់ថៃ នៅថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៣ នេះផ្ទាល់។ សែន ចន្ទរិទ្ធីគុន នឹងត្រូវប៉ះជាមួយអ្នកប្រដាល់ថៃ Wanmuhamad Kitiyamart ហើយនេះគឺជាការប្រកួតតំណាងឱ្យទង់ជាតិកម្ពុជា ជាលើកទី២ របស់គាត់ផងដែរ។

គួរឱ្យដឹងដែរថា សែន ចន្ទឬទ្ធីគុន (Thiago Teixeira) នឹងត្រូវប្រកួតតំណាងឱ្យទង់ជាតិកម្ពុជា និងប្រេស៊ីល ហើយនៅមុនពេលឡើងយន្តហោះទៅម៉ាឡេស៊ី គាត់បាននិយាយថា គាត់នឹងរក្សាជំហរបង្ហាញទង់ជាតិខ្មែរ និងគុនខ្មែរ បើទោះបីខាង WMO ធ្លាប់រករឿងក៏ដោយ។ ជាមួយគ្នានេះ គាត់នឹងប្រាប់ឱ្យខាងកម្មវិធីប្រកាសឈ្មោះខ្មែររបស់គាត់គឺ សែន ចន្ទរិទ្ធីគុន នៅពេលឡើងប្រកួត។ គាត់បានបន្ថែមថា គាត់ចង់ឈ្នះដោយផ្តួលគូប្រកួតសន្លប់ ហើយគាត់នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីប្រជាជនខ្មែរជាង ១៧ លាននាក់ ដែលតែងតែគាំទ្រ និងស្រឡាញ់រូបគាត់៕



ប្រភព៖ Kun Khmer World Champion
- Share This Post:






