អន្តរជាតិ

រលកកម្តៅបង្កឲ្យមានភ្លើងឆេះព្រៃនិងទឹកជំនន់យ៉ាងឆាប់រហ័សនៅភាគលិចកាណាដា ខណៈពលរដ្ឋជាង ១៣,០០០នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
May 6, 2023

កាណាដា៖ រលកកម្តៅបានកំពុងតែគំរាមគំហែងខេត្ត Alberta ភាគខាងលិចនៃប្រទេសកាណាដាយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍​ ទី៦ ខែឧសភានេះ។ គួរកត់សម្គាល់ថា សីតុណ្ហភាពនៅក្នុងតំបន់រងគ្រោះខាងលើនេះបានកើនឡើងយ៉ាងខ្ពស់អស់រយៈពេល ១សប្តាហ៍មកហើយ ហើយរលកកម្តៅបានបង្កឲ្យមានភ្លើងឆេះព្រៃជាច្រើនកន្លែង ខណៈតំបន់ខ្លះវិញត្រូវប្រឈមនឹងបញ្ហាទឹកជំនន់ ដ្បិតរលកកម្តៅបានធ្វើឲ្យដុំទឹកកកនិងព្រឹលជាច្រើនត្រូវរលាយក្លាយជាទឹកយ៉ាងឆាប់រហ័សបំផុត។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយកាណាដាបានបញ្ជាក់ថា គិតត្រឹមពេលនេះភ្លើងបានឆេះព្រៃចំនួន ៧៨កន្លែងផ្សេងគ្នា ហើយបានបំផ្លាញព្រៃធម្មជាតិអស់ប្រមាណជា ១,៤៥៨ហិចតា បំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ២០កន្លែង និងស្ថានីយ៍ប៉ូលិសអស់ជាច្រើនកន្លែងផងដែរ។ នៅចំពោះមុខហេតុការណ៍អាសន្ននេះ អាជ្ញាធរកាណាដាបានចេញបញ្ជាឲ្យពលរដ្ឋជាង ១៣,០០០នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេជាបន្ទាន់ដើម្បីរកកន្លែងសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្នសិន ខណៈគិតត្រឹមពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: