អ្នកជំនាញអះអាងថា AI នឹងត្រូវបានគេប្រើប្រាស់ជំនួសការងារមនុស្សបានរហូតដល់ ៨០%នៅក្នុងពេលដ៏ខ្លីខាងមុខ
- BY
- Pheakdey
- May 9, 2023
ប្រេស៊ីល៖ បច្ចេកវិទ្យា AI អាចនឹងត្រូវបានគេប្រើប្រាស់ជំនួសការងាររបស់មនុស្សបានរហូតដល់ ៨០%នៅក្នុងរយៈពេល ២-៣ឆ្នាំបន្ទាប់ទៀត នេះបើយោងតាមការអះអាងរបស់អ្នកជំនាញផ្នែកវិទ្យាសាស្រ្តដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៩ ខែឧសភានេះ។ អ្នកជំនាញដែលបានធ្វើការអះអាងខាងលើនេះគឹលោក Ben Goertzel ដែលជាគ្រូបង្រៀនផ្នែកគណិតវិទ្យា អ្នកវិទ្យាសាស្រ្ត អ្នកដឹកនាំការផលិតមនុស្សយន្ត និងជាអ្នកដឹកនាំការស្រាវស្រាវក្នុងវិស័យបច្ចេកវិទ្យាដ៏ល្បីល្បាញម្នាក់នៅលើពិភពលោក។

លោក Ben Goertzel
នៅក្នុងសន្និសិទ្ធស្តីពីបច្ចេកវិទ្យាប្រចាំឆ្នាំដ៏ធំមួយដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសប្រេស៊ីល អ្នកជំនាញផ្នែកវិទ្យាសាស្រ្តកូនកាត់អាមេរិក-ប្រេស៊ីល វ័យ ៥៦ឆ្នាំរូបនេះបានបញ្ជាក់ថា បច្ចេកវិទ្យា AGI (Artificial General Intelligence) ឬមានន័យជាខេមរភាសាថា បច្ចេកវិទ្យាដែលមានសមត្ថភាពយល់ដឹងដូចសមត្ថភាពមនុស្សទូទៅ នឹងក្លាយជាជម្រើសដ៏ល្អបំផុតដែលគេអាចយកទៅប្រើប្រាស់នៅក្នុងផ្នែកជាច្រើននៅតាមបណ្តាក្រុមហ៊ុន ឬអង្គភាពផ្សេងៗ ខណៈបច្ចេកវិទ្យានេះអាចបំពេញការងារដូចមនុស្សទូទៅអីចឹងដែរ។ យ៉ាងណាក្តី បច្ចេកវិទ្យាទំនើបចុងក្រោយនេះនៅមិនទាន់ត្រូវបានគេប្រើប្រាស់ឲ្យទូលំទូលាយនៅឡើយទេបើគិតត្រឹមពេលបច្ចុប្បន្ន តែគេរំពឺងថានៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះក្រុមអ្នកវិទ្យាសាស្ត្រនឹងអាចអភិវឌ្ឍន៍និងដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាមួយនេះបានយ៉ាងងាយស្រួលបំផុត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






