អន្តរជាតិ

ព័រទុយហ្គាល់កំពុងប្រឈមនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត និងកំពុងស្វែងរកជំនួយពីសហគមន៍អឺរ៉ុប

BY
Pheakdey
May 11, 2023

ព័រទុយហ្គាល់៖ ប្រទេសព័រទុយហ្គាល់កំពុងតែប្រឈមនឹងគ្រោះរាំងស្ងួតក្នុងកម្រិតដ៏អាក្រក់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភានេះ។ គ្រោះរាំងស្ងួតបានកើតឡើងស្របពេលដែលសីតុណ្ហភាពនៅក្នុងប្រទេសព័រទុយហ្គាល់បានកើនឡើងក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរដូវក្តៅឆ្នាំនេះ ខណៈគ្រោះធម្មជាតិមួយនេះបានបន្តកើតឡើងស្ទើរតែគ្រប់ដែនដីគោកនៅទូទាំងប្រទេសព័រទុយហ្គាល់ទៅហើយ។ ប្រភពខាងលើបានបន្តថា គ្រោះធម្មជាតិដ៏កម្រនេះក៏កំពុងតែគំរាមគំហែងដល់វិស័យកសិកម្មព័រទុយហ្គាល់យ៉ាងខ្លាំងផងដែរ។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយព័រទុយហ្គាល់បានបញ្ជាក់ថា គិតត្រឹមពេលនេះគឺដែនដីគោករបស់ព័រទុយហ្គាល់ ៩០%ទៅហើយ ដែលកំពុងប្រឈមនឹងគ្រោះរាំងស្ងួត ហើយចំពោះកម្រិតនៃផលប៉ះពាល់ពីបញ្ហានេះវិញគឺមានភាពធ្ងន់ធ្ងរជាងគ្រោះរាំងស្ងួតកាលពីឆ្នាំ ២០២២ រហូតដល់់ ៥ដងឯណោះ។ យោងតាមរបាយការណ៍បរិស្ថានរបស់អាជ្ញាធរព័រទុយហ្គាល់បានបង្ហាញថា  គ្រោះរាំងស្ងួតដែលព័រទុយហ្គាល់កំពុងប្រឈមនៅពេលគឺជាគ្រោះរាំងស្ងួតដែលអាក្រក់បំផុតទី ៣ ហើយ បើគិតនៅក្នុងរយៈពេល ៩២ឆ្នាំចុងក្រោយនេះ។ ឆ្លើយតបនឹងបញ្ហាបន្ទាន់នេះ អាជ្ញាធរព័រទុយហ្គាល់បានណែនាំឲ្យពលរដ្ឋខ្លួនត្រូវបន្ថែមការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ខណៈព័រទុយហ្គាល់ក៏កំពុងស្វែងរកជំនួយពីសហគមហ៍អឺរ៉ុបផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: