អន្តរជាតិ

អ្នកជំនាញព្រមានពីគ្រោះថ្នាក់នៃ “ទឹករីករាយ” ដែលជាភេសជ្ជៈថ្មីមួយប្រភេទកំពុងពេញនិយមនៅក្នុងពិភពកំសាន្តពេលរាត្រីនៅប្រទេសថៃ

BY
Pheakdey
May 12, 2023

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភានេះបានឲ្យដឹងថា “Happy Water” ឬជាខេមរភាសាមានន័យថា “ទឹករីករាយ” បានក្លាយជាភេសជ្ជៈកំពុងពេញនិយមបំផុតមួយប្រភេទនៅក្នុងពិភពកំសាន្តពេលរាត្រីនៅប្រទេសថៃ ជាពិសេសនោះគឺក្នុងចំណោមយុវវ័យ និងភ្ញៀវទេសចរអន្តជាតិ។ “ទឹករីករាយ” គឺជាប្រភេទស្រាក្រឡុក ដែលត្រូវបានគេលាយបញ្ចូលគ្នារវាងភេសជ្ជៈ ដែលមានរសជាតិផ្អែមជាមួយថ្នាំសប្បាយជាច្រើនប្រភេទអាចមានដូចជា Ketamine, Ecstasy, Methamphetamine, Diazepam, Caffeine, និង Tramadol ជាដើម។

យ៉ាងណាក្តី បើតាមលោកវេជ្ជបណ្ឌិត Manat Phothaphon អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្តថៃបានពន្យល់ថា “ទឹករីករាយ” គឺជាប្រភេទភេសជ្ជៈដែលអាចបង្កផលប៉ះពាល់ដល់បញ្ហាសតិអារម្មណ៍របស់អ្នកទទួលទានយ៉ាងខ្លាំង ប្រសិនបើពួកគេបានទទួលទានភេសជ្ជៈប្រភេទនេះក្នុងបរិមាណច្រើន ខណៈផលប៉ះពាល់មួយចំនួននោះរួមមាន ជំងឺបាក់ទឹកចិត្ត មានអារម្មណ៍រំជួលចិត្តខ្លាំង និងមានការរំញោចអារម្មណ៍ខ្លាំងជាដើម។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ក្នុងករណីលោកអ្នកទទួលទានភេសជ្ជៈប្រភេទនេះក្នុងបរិមាណច្រើនជ្រុលនោះ គឺវាអាចបណ្តាលឲ្យលោកអ្នកគាំងបេះដូងស្លាប់បាន ពោលគឺវាដូចករណីដែលលោកអ្នកប្រើប្រាស់ថ្នាំញៀនច្រើនលើសកម្រិតអីចឹងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: