អន្តរជាតិ

YouTuber ម្នាក់ប្រឈមនឹងជាប់ពន្ធនាគារ ២០ឆ្នាំ ក្រោយផលិតវីដេអូធ្លាក់យន្តហោះមួយ ដែលមានលក្ខណៈផ្ទុយពីច្បាប់អាកាចរណ៍

BY
Pheakdey
May 12, 2023

អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភានេះបានឲ្យដឹងថា មាន YouTuber ម្នាក់កំពុងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ ក្រោយរូបគាត់បានផលិតវីដេអូមួយ ដែលមានលក្ខណៈផ្ទុយទាំងស្រុងទៅនឹងច្បាប់អាកាចរណ៍នៅសហរដ្ឋអាមេរិក។ YouTuber ដែលកំពុងប្រឈមនឹងបទល្មើសដ៏ធ្ងន់ធ្ងរនេះមានឈ្មោះ​ថា Trevor Jacob អាយុ ២៩ឆ្នាំ ហើយកាលពីឆ្នាំ ២០២១ កន្លងទៅរូបគាត់បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយដែលបង្ហាញថា យន្តហោះរបស់គាត់មានបញ្ហានៅពេលកំពុងបើកបរនៅលើអាកាស ហើយរូបគាត់ត្រូវបង្ខំចិត្តលោតចេញពីយន្តហោះ និងទុកឲ្យយន្តហោះធ្លាក់ចូលទៅក្នុងតំបន់ព្រៃ Los Padres National Forest ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។

ក្នុងវីដេអូក៏បានបង្ហាញអំពីដំណើរផ្សងព្រេងរបស់គាត់ក្រោយលោតចុះពីលើយន្តហោះរហូតរកបានជំនួយផងដែរ  ពោលគឺសកម្មភាពទាំងស្រុងរបស់គាត់វាហាក់ដូចជាឈុតឆាកនៅក្នុងខ្សែភាពយន្តអីចឹង។ ក្រោយមកអាជ្ញាធរអាមេរិកបានរកឃើញថា ហេតុការណ៍ធ្លាក់យន្តហោះរបស់លោក Trevor Jacob នោះមិនមែនជារឿងចៃដន្យឡើង តែវាគឺជាការគ្រោងទុករបស់គាត់ ហើយក្រោយមានហេតុការណ៍ធ្លាក់យន្តហោះនោះបាន ២-៣ ថ្ងៃ លោក Trevor Jacob ថែមទាំងបានទៅកម្ទេចយន្តហោះនោះចោលបន្ថែមទៀតផង ដើម្បីកុំឲ្យក្រុមជំនាញផ្នែកអាកាសចរណ៍អាចទៅពិនិត្យអំពីមូលហេតុនៃការធ្លាក់យន្តហោះនោះបាន។

លោក Trevor Jacob ថែមទាំងបានផ្តល់ព័ត៌មានក្លែងក្លាយជាច្រើនករណីទៅកាន់អាជ្ញាធរផងដែរដើម្បីបញ្ជាក់ថា យន្តហោះរបស់គាត់ពិតជាមានបញ្ហាប្រាកដមែន ហើយសកម្មភាពទាំងស្រុងរបស់គាត់គឺជារឿងចៃដន្យទាំងអស់។អាជ្ញាធរអាមេរិកបានរកឃើញផងដែរថា លោក Trevor Jacob បានទទួលប្រាក់ឧបត្ថម្ភយ៉ាងច្រើនពីម្ចាស់ក្រុមហ៊ុនផលិតកាបូបដែលគាត់បានស្ពាយបង្ហាញក្នុងវីដេអូ និងពីក្រុមហ៊ុន YouTube ខណៈសកម្មភាពរបស់គឺជារឿងខុសច្បាប់អាកាសចរណ៍របស់អាមេរិកទាំងស្រុងតែម្តង។ យោងទៅតាមច្បាប់គឺលោក Trevor Jacob អាចប្រឈមនឹងការជាប់ពន្ធនាគារចំនួន ២០ឆ្នាំ តែគិតត្រឹមពេលនេះការសម្រេចផ្តន្ទាទោសរូបគាត់ជាផ្លូវការនៅមិនទាន់ធ្វើឡើងនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: