កីឡាករបាល់ទាត់ថៃចេញមកបញ្ជាក់ពីមូលហេតុដែលរូបគេបោះមេដាយប្រាក់និងរូបតុក្កតាចោលក្នុងព្រឹត្តិការណ៍ SEA Games 2023
- BY
- Pheakdey
- May 18, 2023
បើទោះជាព្រឹតិ្តការណ៍ប្រកួតកីឡា SEA Games 2023 ត្រូវបានបិទបញ្ចប់ជាផ្លូវការរួចទៅហើយក្តី តែរឿងរ៉ាវសំខាន់ៗមួយចំនួនដែលបានកើតឡើងក្នុងអំឡុងពេលនៃការប្រកួតនោះនៅតែដក់ជាប់ក្នុងការចងចាំរបស់ក្រុមអ្នកគាំទ្រមិនទាន់បាត់នៅឡើយទេ។ ក្នុងចំណោមរឿងរ៉ាវសំខាន់ៗជាច្រើននោះគេបានមើលឃើញថា ករណីដែលកីឡាករបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម ២២ឆ្នាំម្នាក់ ឈ្មោះ Jonathan Khemdee ពាក់អាវលេខ ១៧ បានធ្វើសកម្មភាពគួរកត់សម្គាល់មួយ គឺរូបគេបោះមេដាយប្រាក់ និងរូបតុក្កតាចោលមុនពេលរូបគេដើរចេញពីទីលានប្រកួតបាល់ទាត់។

សម្រាប់មហាជនទូទៅបានយល់ឃើញថា សកម្មភាពរបស់កីឡាករ Jonathan Khemdee នោះគឺជាការបង្ហាញនូវការមិនពេញចំពោះលទ្ធផលនៃការប្រកួត ដោយក្រុមជម្រើសជាតិថៃបានលេងចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ហើយសកម្មភាពនោះក៏ជាការមើលងាយនិងមិនឲ្យតម្លៃចំពោះប្រទេសកម្ពុជាក្នុងនាមម្ចាស់ផ្ទះរៀបចំការប្រកួតនេះផងដែរ។ យ៉ាងណាក្តី ក្រោយមានរឿងរ៉ាវចម្រូងចម្រាស់នេះកីឡាករ Jonathan Khemdee បានបង្ហោះសារនៅលើបណ្តាញសង្គមផ្លូវការរបស់គាត់ថា រូបគាត់គ្មានចេតនាមិនផ្តល់ការគោរពដល់ការប្រកួតនោះទេ ហើយការបោះមេដាយប្រាក់និងរូបតុក្កតានោះគឺរូបគាត់គ្រាន់តែចង់ផ្តល់វាទៅឲ្យអ្នកគាំទ្រ ដែលបានមកគាំទ្រនិងលើកទឹកចិត្តដល់រូបគាត់និងក្រុមជម្រើសជាតិថៃប៉ុណ្ណោះ ដើម្បីអគុណចំពោះទឹកចិត្តអ្នកគាំទ្រទាំងនោះ៕ 

អត្ថបទ៖ ភក្តី
ប្រភព៖ jkhemdee17
- Share This Post:






