របាយការណ៍មួយបង្ហាញថា ពលរដ្ឋឥណ្ឌាមួយចំនួនត្រូវធ្វើដំណើរជាច្រើនគីឡូម៉ែត្រដើម្បីទទួលបានទឹកស្អាតប្រើប្រាស់នៅក្នុងអំឡុងពេលនៃរដូវក្តៅនេះ
- BY
- Pheakdey
- May 19, 2023
ឥណ្ឌា៖ របាយការណ៍មួយបង្ហាញថា មានពលរដ្ឋឥណ្ឌាមួយចំនួនត្រូវធ្វើដំណើរជាច្រើនគីឡូម៉ែត្រដើម្បីទទួលបានទឹកស្អាតប្រើប្រាស់នៅក្នុងអំឡុងពេលនៃរដូវក្តៅនេះ។ យោងតាមរបាយការណ៍ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភានេះបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយនៅក្នុងរដ្ឋ Telamwadi ដែលមានចម្ងាយប្រមាណជា ១៥០គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុង Mumbai (បុមបៃ) ដែលជាទីក្រុងធំបំផុតរបស់ប្រទេសឥណ្ឌា។

ប្រភពខាងលើបានបន្តថា សីតុណ្ណភាពជាមធ្យមនៅក្នុងរដ្ឋ Telamwadi បានកើនឡើងរហូតដល់ ៤០អង្សាសេនៅក្នុងអំឡុងពេលនៃរដូវក្តៅនេះ ហើយអាកាសធាតុអាក្រក់នេះបានធ្វើឲ្យប្រភពទឹកនៅក្នុងតំបន់មួយចំនួនត្រូវរីងស្ងួតមិនអាចផ្គត់ផ្គង់តាមតម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងតំបន់បាននោះទេ។ នៅចំពោះមុខស្ថានភាពមិនអំណោយផលនេះ ពលរដ្ឋឥណ្ឌាមួយចំនួនដោយមានទាំងស្រី្តនិងកុមារផង ត្រូវធ្វើដំណើរប្រមាណជា ២គីឡូម៉ែត្រពីផ្ទះរបស់ពួកគេដើម្បីទៅដងទឹកស្អាតយកមកប្រើប្រាស់ ហើយក្នុងមួយថ្ងៃៗពួកគេត្រូវធ្វើដំណើរជាច្រើនជើង ដ្បិតពួកគេពុំមានសម្ភារទំនើបសម្រាប់ដឹកទឹកក្នុងមួយជើងឲ្យបានច្រើននោះទេ៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






