អន្តរជាតិ

ឥណ្ឌា ចេញបញ្ជាឲ្យកងកម្លាំងប៉ូលិសរបស់ខ្លួនត្រូវធ្វើការសម្រកទម្ងន់ក្នុងរយៈពេល ៣ខែ បើមិនដូចនោះទេពួកគេនឹងត្រូវបញ្ឈប់ពីការងារ

BY
Pheakdey
May 19, 2023

ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាសម្រេចដាក់ចេញគោលការណ៍ដ៏តឹងរឹងមួយចំពោះកងកម្លាំងប៉ូលិសរបស់ខ្លួនដោយតម្រូវឲ្យប៉ូលិសដែលកំពុងមានបញ្ហាធាត់លើសទម្ងន់ទាំងអស់ត្រូវធ្វើការសម្រកទម្ងន់ បើមិនដូចនោះទេពួកគេត្រូវប្រឈមនឹងការបញ្ឈប់ពីការងារតែម្តង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC បានបញ្ជាក់ថា តាមគម្រោងគឺនៅពាក់កណ្តាលខែសីហាខាងមុខនេះ អាជ្ញាធរឥណ្ឌានឹងធ្វើការត្រួតពិនិត្យទម្ងន់ស្តងដាររបស់មន្ត្រីប៉ូលិសនៅទូទាំងប្រទេស ដូចនេះគឺវាមានរយៈពេល ៣ខែសម្រាប់ក្រុមប៉ូលិស ក្នុងការសម្រកទម្ងន់ដោយគិតចាប់ពីពេលជូនដំណឹងនេះទៅ។

ប្រភពខាងលើបានបន្តថា គោលការណ៍ខាងលើនេះត្រូវបានដាក់ចេញដើម្បីឆ្លើយតបនឹងស្ថានភាពសុខភាពរបស់មន្ត្រីប៉ូលិសនាពេលបច្ចុប្បន្ន ដែលភាគច្រើននៃពួកគាត់សុទ្ធតែមានបញ្ហាធាត់លើលទម្ងន់ ពោលគឺលើសទាំងទម្ងន់ស្តង់ដារសុខភាព និងលើសទាំងទម្ងន់ស្តង់ដារដែលបានកំណត់ដោយស្ថាប័នប៉ូលិសផងដែរ។ របាយការណ៍មួយរបស់អាជ្ញាធរឥណ្ឌាបានបង្ហាញថា ក្នុងរយៈពេល ១៨ខែចុងក្រោយនេះមានប៉ូលិសដែលមានបញ្ហាធាត់លើសទម្ងន់ជាច្រើនបានស្លាប់បាត់បង់ជីវិតដោយសារតែពួកគាត់មានជំងឺលើសឈាម និងទឹកនោមផ្អែម។

ជាងនេះទៅទៀត កាលពីប៉ុន្មានសប្តាហ៍មុននេះមានប៉ូលិសឥណ្ឌាជាង ៣០០នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ពីការងារមុនអាយុកំណត់ ក្រោយគេបានពិនិត្យឃើញថា ក្រុមប៉ូលិសទាំងនោះជាមនុស្សញៀននឹងគ្រឿងស្រវឹងជោគជាំ និងមានរាងកាយមិនសមស្របជាប៉ូលិស៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: