អន្តរជាតិ

មនុស្ស ១២នាក់បានបាត់បង់ជីវិតនិងជាង ៥០០នាក់រងរបួសក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងកីឡដ្ឋានបាល់ទាត់មួយកន្លែងនៅតំបន់អាមេរិកកណ្តាល (មានវីដេអូ)

BY
Pheakdey
May 22, 2023

អែលសាល់វ៉ាឌ័រ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងកីឡដ្ឋានបាល់ទាន់មួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងការប្រកួតរវាងក្លឹបបាល់ទាត់ Allianz ដែលត្រូវលេងទល់នឹងក្លឹបបាល់ទាត់ FAS នៃក្របខណ្ឌបាល់ទាត់កំពូលក្នុងប្រទេសអែលសាល់វ៉ាឌ័រ ដែលជាប្រទេសធំមួយនៅតំបន់អាមេរិកកណ្តាល។  

ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ​ មានពលរដ្ឋជាង ៥០០នាក់ផ្សេងទៀតបានរងរបួស ខណៈក្នុងនោះក៏មានមនុស្ស ២នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍រត់ជាន់គ្នានេះបានកើតឡើងក្រោយពេលច្រកទ្វារមួយរបស់កីឡដ្ឋានបានដួលរលំនិងធ្វើឲ្យមនុស្សជាច្រើនព្យាយាមរត់សម្រុកចូលទៅក្នុងទីលានតាមផ្លូវតែមួយរហូតធ្វើឲ្យមានការរត់ជាន់ពីលើគ្នាតែម្តង។ គួរបញ្ជាក់ជូនថា កីឡដ្ឋានដែលជាកន្លែងកើតហេតុខាងលើនេះមានឈ្មោះថា Estadio ជាកីឡដ្ឋានបាល់ទាត់ធំបំផុតនៅតំបន់អាមេរិកណ្តាលនិងអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៤៤,០០០នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: