របាយការណ៍មួយបង្ហាញថា កូវីដ-១៩កំពុងបន្តធ្វើឲ្យបាត់បង់ជីវិតមនុស្សម្នាក់រៀងរាល់រយៈពេល ៤នាទី
- BY
- Pheakdey
- May 24, 2023
អាមេរិក៖ បន្ទាប់ពីបានរាតត្បាតពិភពលោកអស់រយៈពេលជាង ៣ឆ្នាំមក គិតត្រឹមពេលនេះជំងឺកូវីដ-១៩ នៅតែជាឃាតកឈាមត្រជាក់ ដែលអាចសម្លាប់មនុស្សបានលឿនបំផុត នេះបើយោងតាមការសិក្សាមួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយនាយកដ្ឋានកិច្ចការអតីតយុទ្ធជន (Veterans Affairs) អាមេរិក ខណៈរបាយការណ៍នៃការសិក្សានេះត្រូវបានចេញផ្សាយក្រោយពេលដែលអង្គការសុខភាពពិភពលោកបានប្រកាសថា កូវីដ-១៩ លែងជាជំងឺដែលត្រូវទាញសញ្ញាអាសន្នទៀតហើយ។

យ៉ាងណាក្តី បើតាមលោក Ziyad Al-Aly ដែលនាយកនៃស្ថាប័នកិច្ចការអតីតយុទ្ធជនអាមេរិកបានអះអាងថា ជំងឺកូវីដ-១៩នៅតែបន្តសម្លាប់មនុស្សលឿនជាងជំងឺកាចសាហាវផ្សេងៗទៀត ជំងឺបេះដូង និងជំងឺមហារីកជាដើម។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ជំងឺកូវីដ-១៩ បានសម្លាប់មនុស្សម្នាក់រៀងរាល់ ៤នាទី បើទោះជាគិតត្រឹមពេលនេះពិភពលោកមានវ៉ាក់សាំងការពារនិងមានភាពស៊ាំជាមួយជំងឺឆ្លងមួយនេះក៏ហើយក្តី។ លទ្ធផលនេះក៏បានធ្វើឲ្យក្រុមអ្នកជំនាញកំពុងមានចម្ងល់ថា តើគួរបន្តអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងដូចម្តេចទៀត បើពេលនេះពិភពលោកហាក់លែងមានភាពភ័យខ្លាចចំពោះជំងឺកូវីដ-១៩ទៅហើយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






