ពលរដ្ឋអ៊ុយរូហ្គាយកំពុងបួងសួងសុំទឹកភ្លៀង ខណៈនៅរដ្ឋធានីមានទឹកសម្រាប់ផ្គត់ផ្គង់ត្រឹមរយៈពេល ១០ថ្ងៃទៀត
- BY
- Pheakdey
- May 24, 2023
អ៊ុយរូហ្គាយ៖ ពលរដ្ឋរាប់ម៉ឺនគ្រួសារដែលកំពុងរស់នៅក្នុងរដ្ឋធានីម៉ុងតេវីដេអូ នៃប្រទេសអ៊ុយរូហ្គាយត្រូវបានបណ្តាញសារព័ត៌មាន The Strait Time រាយការណ៍នៅរសៀលថ្ងៃពុធ ទី២៤នេះថា កំពុងតែនាំគ្នាបួងសួងសុំឲ្យមានភ្លៀងធ្លាក់ ខណៈបរិមាណទឹកបម្រុងទុកសម្រាប់ប្រើប្រាស់ក្នុងទីក្រុងមួយនេះបានរីងស្ងួតស្ទើរតែអស់ទៅហើយ។ បើតាមអាជ្ញាធរក្រុងម៉ុងតេវីដេអូបានបញ្ជាក់ថា នៅក្នុងអាងស្តុកទឹកសម្រាប់ផ្គត់ផ្គង់ក្នុងទីក្រុងនៅពេលនេះគឺមានទឹកនៅសល់ប្រមាណជា ៦,២លានម៉ែត្រគូបតែប៉ុណ្ណោះ ខណៈជាមធ្យមក្នុងមួយថ្ងៃទីក្រុងមួយនេះត្រូវការទឹកប្រើប្រាស់ប្រហែលជា ៦៥០,០០០ម៉ែត្រគូប។

ផ្អែកលើរបាយការណ៍ខាងលើនេះគឺមានន័យថា ទីក្រុងម៉ុងតេវីដេអូនៅសល់ទឹកសម្រាប់ប្រើប្រាស់បានត្រឹមតែប្រមាណជា ១០ថ្ងៃទៀតប៉ុណ្ណោះ។ គួរកត់សម្គាល់ថា ប្រទេសអ៊ុយរូហ្គាយបានប្រឈមនឹងរលកកម្តៅខ្ពស់បំផុតនៅក្នុងរដូវក្តៅឆ្នាំនេះ ហើយបញ្ហាធម្មតជាតិមួយនេះក៏បានធ្វើឲ្យប្រភពទឹកសំខាន់ៗជាច្រើននៅប្រទេសអ៊ុយរូហ្គាយត្រូវរីងស្ងួតផងដែរ។ ជាក់ស្តែងទីក្រុងម៉ុងតេវីដេអូកំពុងប្រឈមនឹងភាពរាំងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់នៅក្នុងរយៈពេល ៧៤ឆ្នាំចុងក្រោយនេះ ខណៈបញ្ហានេះបានធ្វើឲ្យចរន្តទឹកនៅក្នុងតំបន់មួយចំនួនត្រូវមានភាពខ្វះខាតយ៉ាងខ្លាំង ឬទទួលបានទឹកតែគ្មានគុណភាពល្អគ្រប់គ្រាន់សម្រាប់ប្រើប្រាស់៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






