ការសិក្សាមួយបានបង្ហាញថា នៅត្រឹមឆ្នាំ ២០៨០ នឹងមានពលរដ្ឋម្នាក់ក្នុងចំណោម ៣នាក់នៅលើពិភពលោកត្រូវរស់នៅក្នុងលក្ខខណ្ឌដ៏គ្រោះថ្នាក់នៃរលកកម្តៅ
- BY
- Pheakdey
- May 27, 2023
អង់គ្លេស៖ ការសិក្សាថ្មីមួយបានរកឃើញថា មួយភាគបីនៃចំនួនប្រជាជននៅលើពិភពលោកនឹងត្រូវរស់នៅក្នុងស្ថានភាពក្តៅប្រកបដោយគ្រោះថ្នាក់មួយនៅត្រឹមឆ្នាំ ២០៨០ ខាងមុខនេះ ប្រសិនបើពិភពលោកនៅតែបន្តដើរលើគន្លងបច្ចុប្បន្នរបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសោរ៍ ទី២៧ ខែឧសភានេះបានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Exeter University ដែលជាផ្នែកមួយនៃវិទ្យស្ថានប្រព័ន្ធសកល (Global Systems Institute) មានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស។
លទ្ធផលនៅក្នុងការសិក្សាបានបង្ហាញថា សីតុណ្ហភាពជាមធ្យមនៅលើពិភពលោកនឹងត្រូវកើនឡើង ២,៧ អង្សាសេ ហើយតំបន់អាហ្វ្រិកខាងលិចនឹងក្លាយជាតំបន់ដែលមានសីតុណ្ហភាពក្តៅបំផុត។ ក្នុងការសិក្សាក៏បានបង្ហាញផងដែរ ប្រទេសដែលនឹងមានពលរដ្ឋងាយរងគ្រោះដោយរលកកម្តៅជាងគេមានចំនួន ៣ដូចជា ប្រទេសឥណ្ឌាដែលនឹងមានពលរដ្ឋរងផលប៉ះពល់ខ្លាំងពីរលកកម្តៅប្រមាណជា ៦០០លាននាក់ ប្រទេសនីហ្សេរីយ៉ាមានពលរដ្ឋរងគ្រោះដោយរលកកម្តៅប្រមាណជា ៣០០លាននាក់ និងប្រទេសឥណ្ឌូនេស៊ីមានពលរដ្ឋរងគ្រោះដោយរលកកម្តៅប្រមាណជា ១០០លាននាក់ផងដែរ។ ចំពោះផលប៉ះពាល់ដែលអាចនឹងកើតមានវិញគឺមានដូចជា មានពលរដ្ឋស្លាប់ច្រើនដែលបង្កឡើងដោយបញ្ហាផ្សេងៗកើតចេញសីតុណ្ហភាពក្តៅខ្លាំង ទិន្នផលដំណាំរបស់ប្រជាកសិករត្រូវធ្លាក់ចុះ ចំនួនពលរដ្ឋធ្វើចំណាកស្រុកកើនឡើងខ្ពស់ និងមានការរាតត្បាតនៃជំងឺផ្សេងៗដែលធ្វើឲ្យពលរដ្ឋត្រូវខាតបង់ប្រាក់យ៉ាងច្រើនក្នុងការព្យាបាលបញ្ហាសុខភាពទាំងអស់នោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: