ក្រុមហ៊ុនអាកាសចរណ៍Asiana Airlines របស់កូរ៉េខាងត្បូង ប្រកាសឈប់លក់សំបុត្រកៅអីក្បែរទ្វារអាសន្ន
(កូរ៉េខាងត្បូង)៖ ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines របស់កូរ៉េខាងត្បូងប្រកាសឈប់លក់កៅអីក្បែរទ្វារអាសន្ន ក្រោយពីមានហេតុការណ៍អ្នកដំណើរម្នាក់បានបើកទ្វារយន្តហោះកំឡុងពេលចុះចត ឧបទ្ទវហេតុនេះបានកើតឡើងនៅលើយន្តហោះ A321-200 ដែលកំពុងដឹកអ្នកដំណើរជិត ២០០នាក់។

យន្តហោះបានចុះចតដោយសុវត្ថិភាព ប៉ុន្តែមនុស្សជាច្រើននាក់សន្លប់ ដោយសារតែភ័យតក់ស្លុត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ចាប់ពីថ្ងៃអាទិត្យនេះតទៅ កៅអីក្បែរទ្វារអាសន្ននៅលើយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines នឹងមិនបើកលក់ទៀតនោះទេ។ ក្រុមហ៊ុនអាកាសចរណ៍ បន្ថែមថា «ជាការប្រុងប្រយ័ត្នសុវត្ថិភាព វិធានការនេះនឹងអនុវត្ត ទោះបីជាជើងហោះហើរពេញក៏ដោយ»។
ចំពោះបុរសដែលបើកទ្វារយន្តហោះឈ្មោះ Lee ត្រូវតុលាការនៅទីក្រុង Daegu បានចេញដីកាចាប់ខ្លួន ពីបទបំពានច្បាប់សន្តិសុខអាកាសចរណ៍ ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ៕
ប្រភព៖ vnexpress


