សេដ្ឋីម្នាក់ធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិធីចែកសញ្ញាប័ត្រនៅអាមេរិក ដោយគាត់បានចែកស្រោមសំបុត្រដែលមានលុយ ១ពាន់ដុល្លារទៅកាន់និស្សិត ២,៥០០នាក់
- BY
- Pheakdey
- May 30, 2023
អាមេរិក៖ ថ្ងៃបញ្ចប់ការសិក្សានៅមហាវិទ្យាល័យគឺជាថ្ងៃដ៏រីករាយមួយសម្រាប់ក្រុមនិស្សិតគ្រប់រូប ត្បិតក្រុមនិស្សិតរាប់ពាន់នាក់មកពីផ្នែកផ្សេងៗគ្នានិងជំនាន់់ផ្សេងៗគ្នាត្រូវបានអញ្ជើញឲ្យមកជួបជុំគ្នាក្នុងកម្មវិធីតែមួយដើម្បីទទួលសញ្ញាប័ត្រនិងថតរូបភាពស្អាតៗទុកជាអនុស្សាវរីយ៍។ បន្ថែមពីលើភាពរីករាយខាងលើនេះ ក្រុមនិសិត្សជាង ២ពាន់នាក់នៅសហរដ្ឋអាមេរិកត្រូវបានបណ្តាញសារព័ត៌មាន NDTV រាយការណ៍ថា ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពួកគេត្រូវទទួលរង្វាន់ជាទឹកប្រាក់ម្នាក់ ១,០០០ដុល្លារទាំងមិនបានដឹងខ្លួនមុន។

លោកមហាសេដ្ឋី Robert Hale
ប្រភពខាងលើបានបន្តថា ភាពភ្ញាក់ផ្អើលនេះបានកើតឡើងនៅក្នុងវិធីចែកសញ្ញាប័ត្រដល់និស្សិតចំនួន ២,៥០០នាក់នៅឯសាកលវិទ្យាល័យ Massachusetts ក្នុងរដ្ឋ Boston កាលពីសប្តាហ៍កន្លងទៅនេះ។ នៅក្នុងពិធីចែកសញ្ញាប័ត្រនោះខាងសាកលវិទ្យាល័យបានអញ្ជើញលោកមហាសេដ្ឋី Robert Hale មកធ្វើជាវាគ្មិនកិត្តិយស ហើយនៅក្នុងអំឡុងពេលថ្លែងសន្ទរកថា ស្រាប់តែលោកមហាសេដ្ឋីរូបនេះបានប្រកាសថា គាត់នឹងយកលុយផ្ទាល់ខ្លួនរបស់គាត់ផ្តល់ជារង្វាន់ដល់និស្សិតទាំងអស់ដោយម្នាក់ៗត្រូវបាន ១,០០០ដុល្លារ។ យ៉ាងណាក្តី លោក Robert Hale បានរៀបចំប្រាក់ ១,០០០ដុល្លារនោះក្នុងស្រោមសំបុត្រ ២ផ្សេងគ្នា ដោយស្រោមសំបុត្រមួយមានលុយ ៥០០ដុល្លារសម្រាប់ផ្តល់ជូននិស្សិតផ្ទាល់ និងស្រោមសំបុត្រដែលមានលុយ ៥០០ដុល្លារមួយទៀតគឺសម្រាប់ឲ្យនិស្សិតយកទៅបរិច្ចាគដល់មូលនិធិសប្បុរសធម៌ណាមួយដែលពួកគេគិតថា កំពុងត្រូវការប្រាក់ជាចាំបាច់សម្រាប់ធ្វើសកម្មភាពសប្បុរសធម៌ផ្សេងៗ៕

អត្ថបទ៖ ភក្តី
ប្រភព៖ NDTV
- Share This Post:






