អន្តរជាតិ

សីតុណ្ហភាពក្នុងក្រុងសៀងហៃ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈជាង ១០០ឆ្នាំចុងក្រោយនេះ

BY
Pheakdey
May 30, 2023

ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឲ្យដឹងថា សីតុណ្ហភាពនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិនបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានកាលពីថ្ងៃចន្ទ ទី២៩ ខែឧសភាម្សិលមិញនេះ។ បើតាមការិយាល័យឧតុនិយមក្រុងសៀងហៃបានបញ្ជាក់ថា សីតុណ្ហភាពនៅក្នុងទីក្រុងសៀងហៃបានកើនឡើងដល់ ៣៦,១ អង្សាសេ​ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានទាល់តែសោះក្នុងរយៈពេលជាង ១០០ឆ្នាំចុងក្រោយនេះ។

ផ្អែកទៅតាមរបាយការណ៍របស់អាជ្ញាធរក្រុងសៀងហៃបានបង្ហាញថា នាពេលកន្លងមកទីក្រុងសេដ្ឋកិច្ចមួយនេះធ្លាប់ប្រឈមនឹងរលកកម្តៅខ្ពស់បំផុតត្រឹមកម្រិត ៣៥,៧ អង្សាសេប៉ុណ្ណោះ។ យោងតាមការព្យាករណ៍បានបង្ហាញថា នៅក្នុងរយៈពេល ២-៣ថ្ងៃទៀតតំបន់ផ្សេងៗមួយចំនួនទៀតរបស់ចិនក៏ត្រូវប្រឈមនឹងរលកកម្តៅក្នុងកម្រិតខ្ពស់ផងដែរដូចជា ក្រុងសំខាន់ក្នុងខេត្ត Sichuan ត្រូវប្រឈមនឹងរលកកម្តៅក្នុងកម្រិត ៣៨អង្សាសេ តំបន់ភាគខាងត្បូងខេត្ត Sichuan, ខេត្ត Guizhou, ខេត្ត Yunnan ត្រូវប្រឈមនឹងរលកកម្តៅក្នុងកម្រិត ៣៩អង្សាសេ ខណៈតំបន់ដាច់ស្រយាលមួយចំនួនត្រូវប្រឈមនឹងរលកកម្តៅរហូតដល់ ៤២អង្សាសេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

 

Share This Post: