ចិនបញ្ជូនអ្នកវិទ្យាសាស្រ្តស៊ីវិល ៣រូបទៅកាន់ស្ថានីយ៍អវកាស និងប្រកាសគម្រោងបង្ហោះយានទៅកាន់ឋានព្រះចន្ទនៅចុងទសវត្សរ៍នេះ
- BY
- Pheakdey
- May 30, 2023
ចិន៖ កាសែត The Strait Time បានរាយការណ៍ថា នៅក្នុងថ្ងៃអង្គារ ទី៣០ ខែឧសភានេះចិនបានបញ្ជូនអវកាសយានិកបីនាក់ទៅកាន់ស្ថានីយអវកាស Tiangong តាមរយៈការបង្ហោះយានអវកាសដ៏ទំនើបចុងក្រោយមួយរបស់ខ្លួន។ យានអវកាសដែលចិនទើបតែបានបង្ហោះនោះមានឈ្មោះថា Long March-2F ត្រូវបានបង្ហោះចេញពីស្ថានីយ៍ Jiuquan Satellite Launch Centre ដែលស្ថិតនៅភាគភាគពាយ័ព្យនៃប្រទេសចិន។
ប្រភពខាងលើបានបន្តថា ការបង្ហោះយានអវកាសនេះគឺជា បេសកកម្ម Shenzhou-16 របស់ចិន ហើយវាគឺជាបេសកកម្មលើកទីមួយ ដែលចិនបានបញ្ជូនអ្នកវិទ្យាសាស្រ្តស៊ីវិលទៅកាន់ទីអវកាស។ ទន្ទឹមនឹងការបញ្ជូនយានអវកាសដ៏ទំនើបខាងលើនេះ អាជ្ញាធរចិនបានបញ្ជាក់ថានៅចុងទសវត្សរ៍នេះ (អំឡុងឆ្នាំ ២០៣០) ចិនក៏មានគម្រោងបញ្ជូនយានអវកាសទៅកាន់ឋានព្រះចន្ទផងដែរ។ គួរបញ្ជាក់ជូនថា ចិនបានវិនិយោគប្រាក់រាប់ពាន់លានដុល្លារក្នុងកម្មវិធីអភិវឌ្ឍវិស័យអវកាសរបស់ខ្លួន ហើយការខិតខំនេះបានជំរុញឲ្យវិស័យអវកាសរបស់ចិនតាមទាន់វិស័យអវកាសរបស់សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






