អន្តរជាតិ

មន្ត្រីឥណ្ឌាម្នាក់ត្រូវបានផ្អាកពីការងារ ក្រោយបញ្ជាឲ្យគេបង្ហូរទឹកចេញពីអាងស្តុកទឹកដ៏ធំមួយដើម្បីស្វែងរកទូរស័ព្ទរបស់គាត់

BY
Pheakdey
May 31, 2023

ឥណ្ឌា៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានសម្រេចផ្អាកការងារមន្ត្រីម្នាក់ ដែលបានបញ្ជាឲ្យគេបង្ហូរទឹកចេញពីអាងស្តុកទឹកមួយកន្លែង ដើម្បីស្វែងរកទូរស័ព្ទរបស់គាត់បានបានធ្លាក់ចូលទៅក្នុងនោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Guardian បានឲ្យដឹង​ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Chhattisgarh ភាគខាងលិចនៃប្រទេសឥណ្ឌា ខណៈមន្ត្រីដែលត្រូវបានព្យួរពីការងារនោះមានឈ្មោះថា Rajesh Vishwas មានតួនាទីជា មន្ត្រីត្រួតពិនិត្យគុណភាពចំណីអាហារ។

ប្រភពខាងលើបានបន្តថា ទូរស័ព្ទដែលបានធ្លាក់ចូលទៅក្នុងអាងស្តុកទឹកនោះគឺជាទូរស័ព្ទដៃម៉ាក Samsung ដែលមានផ្ទុកទិន្នន័យសំខាន់ៗមួយចំនួនរបស់លោក Rajesh Vishwas ក្នុងពេលចុះបំពេញការងារក្នុងនាមជាមន្ត្រីត្រួតពិនិត្យគុណភាពចំណីអាហារ។ យ៉ាងណាក្តី អាងស្តុកទឹកដែលត្រូវបានគេបង្ហូរទឹកចេញអស់នោះគឺជាប្រភពទឹកដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋ និងប្រជាកសិករនៅជុំវិញតំបន់កើតហេតុនោះ។ អាងស្តុកទឹកនោះមានទឹកប្រមាណជា ២លានម៉ែត្រគូប ដែលអាចផ្គត់ផ្គង់ក្នុងការធ្វើកសិកម្មលើផ្ទៃដីប្រមាណជា ៦០០ហិចតា។ ហេតុផលសំខាន់មួយទៀតដែលជម្រុញឲ្យរដ្ឋាភិបាលឥណ្ឌាសម្រេចផ្អាកការងារមន្ត្រីខាងលើនេះ គឺសកម្មភាពរបស់គាត់បានកើតឡើងស្របពេលដែលពលរដ្ឋឥណ្ឌាជាច្រើននាក់កំពុងត្រូវការទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជាចាំបាច់ ដ្បិតប្រភពទឹកជាច្រើននៅក្នុងប្រទេសឥណ្ឌាបានរីងស្ងួតក្រោយសីតុណ្ណភាពបានកើនឡើងក្នុងកម្រិតយ៉ាងខ្ពស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Guardian

Share This Post: