UN សម្តែងការព្រួយបារម្ភចំពោះបញ្ហាអវត្តមានមនុស្សស្រីនៅក្នុងចំណោមមេដឹកនាំកំពូលៗរបស់ចិន
- BY
- Pheakdey
- June 1, 2023
អង្គការសហប្រជាតិ (UN) បានបង្ហាញការព្រួយបារម្ភចំពោះបញ្ហាអវត្តមានមនុស្សស្រីនៅក្នុងចំណោមមេដឹកនាំកំពូលៗរបស់រដ្ឋាភិបាលចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនានេះ។ ការព្រួយបារម្ភខាងលើនេះត្រូវបានបង្ហាញចេញតាមរយៈរបាយការណ៍មួយស្តីពីការលុបបំបាត់ការរើសអើងនិងប្រឆាំងស្ត្រី ដោយមានការគាំទ្រពីសំណាក់ប្រទេសជាច្រើនដូចជាអាល្លឺម៉ង់ អ៊ីស្លង់ ស្លូវ៉ាគី អេស្ប៉ាញ ទីម័រខាងកើត និងវ៉េណេស៊ុយអេឡាជាដើម។
នៅក្នុងរបាយការណ៍ខាងលើនេះក៏បានផ្តល់អនុសាសន៍ផងដែរ អោយប្រទេសចិនត្រូវអនុម័តកូតាតាមច្បាប់ និងប្រព័ន្ធសមភាពយេនឌ័រ ដើម្បីពន្លឿនឱ្យមានភាពស្មើគ្នារវាងបុរសនិងស្ត្រីនៅក្នុងជួររដ្ឋាភិបាល។ គួរកត់សម្គាល់ថា បើទោះជាចិនមានពលរដ្ឋជាស្រ្តីច្រើនក៏ពិតមែន តែសម្រាប់តួនាទីនៅក្នុងសភាប្រជាជនជាតិនៃប្រទេសចិនមានស្រ្តីប្រមាណជា ២៦,៥៤%ប៉ុណ្ណោះ។ ដោយឡែកនៅក្នុងចំណោមសមាជិកការិយាល័យនយោបាយនៃគណបក្សកុម្មុយនិស្តចិនវិញ ដែលមានសមាជិកសរុបរហូតដល់ ២៤នាក់ គឺគ្មានមនុស្សស្រីម្នាក់ទាល់តែសោះ ហើយនៅក្នុងចំណោមសមាជិកទាំង ៧នាក់នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយចិនក៏គ្មានមនុស្សស្រីដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post: