PR

ព្រឹត្តិការណ៍ប្រវត្តិសាស្ររបស់កម្ពុជា៖ ការប្រកួត Esports ក្នុងអាស៊ានប៉ារ៉ាហ្គេម ដំបូងបំផុតនឹងចាប់ផ្ដើមការប្រកួត ថ្ងៃទី4 និង5 មិថុនានេះ ដោយមានការចូលរួម ពី4ប្រទេស

BY
Liny Chan
June 2, 2023

ភ្នំពេញ៖ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី12 នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយរបស់កម្ពុជានោះ គឺការក្លាយជាប្រទេសដំបូងដែល ជាអ្នកដាក់បញ្ចូលវិញ្ញាសាកីឡាអេឡិចត្រូនិក (Esports) ចូលទៅក្នុងវិញ្ញាសាប្រកួតរបស់កម្មវិធីប្រកួតកីឡាជនពិការធំបំផុត ក្នុង តំបន់អាស៊ីអាគ្នេយ៍។ វិញ្ញាសាប្រកួតនេះ នឹងមានការចូលរួមពី 4ប្រទេស ដែលមានដូចជា ៖ កម្ពុជា, ម៉ាឡេស៊ី ,ហ្វីលីពីន និង ថៃ។ ការប្រកួតនេះនឹងធ្វើឱ្យពួកគេអាចបង្ហាញជំនាញសមត្ថភាពរបស់ពួកគេក្នុងវិស័យឌីជីថលនេះដោយគ្មានឧបសគ្គ។


(អត្តពលិកជនពិការ ជម្រើសជាតិកម្ពុជា ក្នុង វិញ្ញាសា កីឡា អេឡិចត្រូនិក)

ការប្រកួតកីឡា Esports វិញ្ញាសា Mobile Legends: Bang Bang (MLBB) ក្នុងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ2023 នឹងត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនធីមធូ (Team Two) រួមជាមួយគណៈកម្មាធិការរៀបចំការ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC)។
ការប្រកួតនឹងធ្វើឡើងនៅសាល NABA ក្នុងសណ្ឋាគារ NagaWorrld2 រយៈពេល2ថ្ងៃ គឺថ្ងៃទី4មិថុនាក្នុងវគ្គចែកពូល (Group Stage) និងនៅថ្ងៃទី05 មិថុនាក្នុងវគ្គជម្រុះ (Playoffs)។ សំបុត្រចូលរួមទស្សនានឹង ចាប់ផ្ដើមចែកជូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី01 មិថុនារហូតដល់ថ្ងៃទី03មិថុនា2023នេះ នៅរោងភាពយន្តលេជេនទាំង 3សាខា រួមមាន៖ លេជេន អេដេន លេជេន លេជេន មានជ័យ និងលេជេន ទួលគោក (សំបុត្រមានកំណត់ សម្រាប់មនុស្សម្នាក់អាចទទួលបានទៅដល់ 3សំបុត្រ)។

គិតមកដល់ថ្ងៃទី1 មិថុនានេះ អត្តពលិក ប៉ារ៉ា តំណាង ប្រទេសថៃ និងប្រទេសម៉ាឡេស៊ីបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជារួចរាល់ដើម្បីត្រៀមខ្លួនក្នុងការប្រកួតនាពេលខាងមុខនេះ។ ដោយឡែកអត្តពលិកប្រទេសហ្វីលីពីននឹងមកដល់ដល់ព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី1មិថុនា ឆ្លងចូល 2មិថុនា ខាងមុខនេះដើម្បីចូលរួមប្រកួតប្រជែងផងដែរ។

ការដាក់បញ្ចូលកីឡា Esports នៅក្នុងអាស៊ានប៉ារ៉ាហ្គេមគឺជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ដោយបញ្ជាក់ពីការកើនឡើងនៃការទទួលស្គាល់ ការ បើកបង្ហាញ ពីកីឡា អេឡិចត្រូនិក ដោយ មិនមានការរារាំងគ្មានការកំណត់ពីជាតិសាសន៍សាសនា ឬ ពិការភាពនោះទេ។


(អត្តពលិកជនពិការ ជម្រើសជាតិម៉ាឡេស៊ី ក្នុង វិញ្ញាសា កីឡា អេឡិចត្រូនិក)


(អត្តពលិកជនពិការ ជម្រើសជាតិថៃ ក្នុង វិញ្ញាសា កីឡា អេឡិចត្រូនិក)

ការផ្តួចផ្តើមរបស់ប្រទេសកម្ពុជានៃការដាក់បញ្ចូលកីឡា Esports ក្នុងអាស៊ានប៉ារ៉ាហ្គេម ដ៏អស្ចារ្យនេះគឺប្រៀបដូចជាការ បើកផ្លូវមួយសម្រាប់អត្តពលិក ប៉ារ៉ាឈានចូលទៅក្នុងវិស័យឌីជីថល ដោយឱ្យពួកគាត់អាចបង្ហាញពីទេពកោសល្យ និងការប្រកួតប្រជែងរបស់ខ្លួននៅលើឆាកអន្តរជាតិបាន។

អ្វីដែលកាន់តែអស្ចារ្យទៀតនោះ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជា ជាអ្នកផ្ដួចផ្ដើមនេះនឹងត្រូវបានគេលើកនិយាយឡើងគ្រប់ពេលដែលអាស៊ានប៉ារ៉ាហ្គេមបានប្រារព្ធធ្វើឡើង។

ព័ត៌មានបន្ថែមទាក់ទង និងការឧបត្ថម្ភនានា សូមទាក់ទងទៅអ្នកស្រី ហាក់ សំបូរ នាយកប្រតិបត្តិនៃក្រុមហ៊ុនធីមធូ (TEAM Two) តាមរយៈលេខទូរស័ព្ទ 093 933 999 ឬ អ៊ីម៉េល៖ bo@team2.asia

Share This Post: