អន្តរជាតិ

ជប៉ុនដាក់ចេញផែនការជាតិតម្លៃ ២៥ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិនៃការធ្លាក់ចុះអត្រាកំណើតប្រជាជន

BY
Pheakdey
June 2, 2023

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានបង្ហាញនូវផែនការធំមួយដើម្បីដោះស្រាយវិបត្តិនៃការធ្លាក់ចុះអត្រាកំណើតប្រជាជន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២ ខែមិថុនានេះ។ តាមគម្រោងគឺផែនការខាងលើនេះនឹងត្រូវចំណាយថវិការហូតដល់ ២៥ពាន់លានដុល្លារ ខណៈគោលដៅចម្បងនៃផែនការនេះគឺពង្រឹងការគាំទ្រចំពោះពលរដ្ឋវ័យក្មេង និងក្រុមគ្រួសារដែលមានបំណងចង់បានកូន។

ប្រភពខាងលើបានបន្តថា ក្នុងការអនុវត្តផែនការខាងលើនេះគឺរដ្ឋាភិបាលជប៉ុននឹងត្រូវផ្តល់ប្រាក់ឧបត្ថម្ភយ៉ាងច្រើនទៅកាន់ក្រុមគ្រួសារនីមួយៗចាប់តាំងពីពួកគេត្រូវពពោះមានកូន ក្នុងពេលសម្រាលកូន និងរហូតដល់ពេលដែលកូនរបស់ពួកគេត្រូវចូលរៀន។ គួរបញ្ជាក់ជូនថា ជប៉ុនដែលជាប្រទេសមានពលរដ្ឋសរុបចំនួន ១២៥លាននាក់ក្នុងពេលបច្ចុប្បន្នបានជួបប្រទះនិងបញ្ហាធ្លាក់ចុះនៃចំនួនប្រជាពលរដ្ឋយ៉ាងខ្លាំងនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ជាក់ស្តែងក្នុងរយៈពេលពេញមួយឆ្នាំ ២០២២កន្លងទៅនេះជប៉ុនមានពលរដ្ឋកើតថ្មីមិនដល់ ៨០០,០០០នាក់នោះទេ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: