រលកកម្តៅបង្កឲ្យមានភ្លើងឆេះព្រៃយ៉ាងខ្លាំងនៅកាណាដា និងបង្ខំឲ្យពលរដ្ឋ ៣ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់
- BY
- Pheakdey
- June 3, 2023
កាណាដា៖ បញ្ហាភ្លើងឆេះព្រៃបានបន្តរាតត្បាតយ៉ាងខ្លាំងនៅតាមបណ្តាខេត្តមួយចំនួនស្ថិតនៅក្នុងតំបន់ភាគខាងកើតនៃប្រទេសកាណាដា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃសៅរ៍ ទី៣ ខែមិថុនានេះ។ បើតាមអាជ្ញាធរកាណាដាបានបញ្ជាក់ថា បញ្ហាខាងលើនេះបានកើតឡើងក្រោយ ពេលដែលសីតុណ្ហភាពបានកើនឡើងយ៉ាងខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលវាគឺជាបញ្ហាធម្មជាតិដែលបានកើតឡើងដោយខ្លួនឯង។
ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមខេត្តដែលកំពុងរងនូវការគំរាមគំហែងដោយបញ្ហាភ្លើងឆេះព្រៃនោះ គឺខេត្ត Québec បានរងនូវផលប៉ះពាល់ខ្លាំងជាងគេ ដោយគិតត្រឹមពេលនេះឥទ្ធិពលនៃបញ្ហាភ្លើងឆេះព្រៃបានបង្ខំឲ្យពលរដ្ឋនៅក្នុងខេត្តមួយនេះជាង ១០,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ ដើម្បីទៅរកកន្លែងមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្នសិន។ យ៉ាងណាក្តី បើគិតពីចំនួនពលរដ្ឋកាណាដាសរុបដែលបានបង្ខំចិត្តធ្វើការជម្លៀសដោយសារបញ្ហាភ្លើងឆេះព្រៃគឺគិតត្រឹមពេលនេះមានពលរដ្ឋប្រមាណជា ៣០,០០០នាក់ឯណោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: