អន្តរជាតិ

ថៃទទួលជោគជ័យក្នុងការប្រើប្រាស់ Drone ដឹកជញ្ជូនថ្នាំពេទ្យឆ្លងកាត់សមុទ្រដែលមានចម្ងាយ ១២គីឡូម៉ែត្រ

BY
Pheakdey
June 3, 2023

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីជោគជ័យថ្មីមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបជំនួសឲ្យកម្លាំងមនុស្សនៅក្នុងកិច្ចការដឹកជញ្ជូនថ្នាំពេទ្យ ពោលគឺការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកសម្រាប់ដឹកជញ្ជូនថ្នាំពេទ្យឆ្លងកាត់សមុទ្រ។​ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែមិថុនានេះបានបញ្ជាក់ថា មន្ទីរពេទ្យដែលជាកន្លែងទទួលយកថ្នាំពេទ្យតាមរយៈយន្តហោះគ្មានមនុស្សបើកនោះគឺមន្ទីរពេទ្យស្ថិតនៅលើកោះ Puyu ខេត្ត Satun ភាគខាងត្បូងប្រទេសថៃ។

ប្រភពខាងលើបានបន្តថា ចម្ងាយផ្លូវគិតចេញពីកន្លែងដែលគេបង្ហោះយន្តហោះគ្មានមនុស្សបើកទៅដល់មន្ទីរពេទ្យគឺមានប្រវែង ១២គីឡូម៉ែត្រ។ បើតាមលោកវេជ្ជបណ្ឌិត Nutthapong Wongwiwat ដែលជាអគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្តថៃបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកដែលអាជ្ញាធរថៃបានប្រើប្រាស់នោះគឺជាយន្តហោះគ្មានមនុស្សបើកប្រភេទ Swoop Kookaburra Mark 3 អភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យា Skyports Swoop Aero ខណៈយន្តហោះគ្មានមនុស្សបើកប្រភេទនេះមានសមត្ថភាពអាចធ្វើដំណើរបានក្នុងរយៈចម្ងាយរហូតដល់ ១៧គីឡូម៉ែត្រ អាចផ្ទុកទំនិញបានចំនួន ៣គីឡូក្រាម អាចហោះហើរក្នុងល្បឿនរហូតដល់ ៦៨គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចធ្វើដំណើរក្រោមដំណក់ទឹកភ្លៀងដែលធ្លាក់ក្នុងកម្រិតក្រោម ១០មីលីម៉ែត្រក្នុងម៉ោងបានទៀតផង៕

 អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: