អន្តរជាតិ

ក្រុមហ៊ុន Microsoft ត្រូវពិន័យ ២០លានដុល្លារជុំវិញករណីបំពានច្បាប់ឯកជនភាពរបស់កុមារនៅលើបណ្តាញអ៊ីនធឺណិត

BY
Pheakdey
June 6, 2023

អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនានេះបានឲ្យដឹងថា ក្រុមហ៊ុន Microsoft នឹងត្រូវបង់ប្រាក់ចំនួន ២០លានដុល្លារឲ្យទៅតុលាការសហព័ន្ធអាមេរិកជុំវិញករណីចោទប្រកាន់ថា ក្រុ​មហ៊ុនបានបំពានទៅនឹងច្បាប់ឯកជនភាពរបស់កុមារលើបណ្តាញអ៉ីនធឺណិត។ ទន្ទឹមនឹងធ្វើការផាកពិន័យនេះ អាជ្ញាធរអាមេរិកក៏បានណែនាំឲ្យក្រុមហ៊ុន Microsoft ត្រូវពង្រឹងប្រព័ន្ធសុវត្ថិអ្នកប្រើប្រាស់នៅលើកម្មវិធីរបស់ខ្លួនផងដែរ ជាពិសេសនោះគឺសម្រាប់អ្នកប្រើប្រាស់វ័យក្មេងតែម្តង។

គួររម្លឹកជូនថា​ ដើមហេតុដែលនាំឲ្យមានការផាកពិន័យខាងលើនេះគឺត្រូវបានកើតក្រោយក្រុមហ៊ុន Microsoft បានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធមួយដែលមានឈ្មោះថា Xbox ខណៈកម្មវិធីមួយនេះបានទាក់ទាញក្រុមអ្នកប្រើប្រាស់ជាកុមាររាប់លាននាក់នៅអាមេរិកឲ្យទៅប្រើប្រាស់។ យ៉ាងណាក្តី ការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធមួយនេះពីសំណាក់ក្រុមអ្នកប្រើប្រាស់ជាកុមារគឺត្រូវបានធ្វើឡើងដោយគ្មានការអនុញ្ញាតពីសំណាក់ឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេឡើយ។ ក្រោយមកតុលាការសហព័ន្ធអាមេរិកបានសម្រេចចោទប្រកាន់ថា ក្រុមហ៊ុន Microsoft បានលួចប្រមូលយកទិន្នន័យរបស់ក្រុមអ្នក​ប្រើប្រាស់ជាកុមារដោយគ្មានការអនុញ្ញាត ដែលជាបទល្មើសមួយផ្ទុយពីច្បាប់ស្តីពីឯកជនភាពរបស់កុមារនៅលើបណ្តាញអ៉ីនធឺណិត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: