អន្តរជាតិ

ពលរដ្ឋជាង ៤ម៉ឺននាក់កំពុងប្រឈមនឹងគ្រោះថ្នាក់ដោយសារទឹកជំនន់ ក្រោយទំនប់ទឹកដ៏ធំមួយនៅអ៊ុយក្រែនត្រូវបានបំផ្លាញ

BY
Pheakdey
June 7, 2023

អ៊ុយក្រែន៖ ពលរដ្ឋប្រមាណជា ៤២,០០០នាក់កំពុងមានហានិភ័យខ្ពស់ក្នុងការរងគ្រោះដោយទឹកជំនន់ ក្រោយទំនប់ទឹកដ៏ធំមួយនៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានបំផ្លាញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៧ ខែមិថុនានេះ។ គួររម្លឹកថា ទំនប់ទឹកខាងលើនេះមានឈ្មោះថា  Kakhovka មានទីតាំងស្ថិតនៅលើទន្លេ Dnipro ក្នុងតំបន់ Kherson ភាគខាងត្បូង និងត្រូវបានបំផ្លាញដោយការបំផ្ទុះមួយកាលពីថ្ងៃម្សិលមិញនេះ។

ប្រភពខាងលើបានបន្តថា ពលរដ្ឋដែលអាចប្រឈមនឹងគ្រោះថ្នាក់ដោយទឹកជំនន់នោះគឺជាពលរដ្ឋមួយចំនួនដែលកំពុងរស់នៅក្នុងទឹកដីរុស្ស៊ី និងពលរដ្ឋមួយចំនួនដែលកំពុងរស់នៅក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនផងដែរ។ បើតាមអាជ្ញាធរអ៊ុយក្រែនបានបញ្ជាក់ថា ភ្លាមៗក្រោយមានការបំផ្លាញទំនប់ទឹកខាងលើនេះគឺមានពលរដ្ឋជាច្រើននាក់បានសម្រេចធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេរួចហើយ តែយ៉ាងណាក្តីទំនប់ទឹកខាងលើនេះគឺជាកន្លែងស្តុកទឹកក្នុងបរិមាណយ៉ាងច្រើន​ ហើយបើក្នុងករណីដែលទឹកនៅតែបន្តធ្លាយចេញពីទំនប់មួយនេះយ៉ាងឆាប់រហ័សនោះគឺប្រាកដណាស់ថាវានឹងបង្កើតឲ្យមានទឹកជំនន់ជន់លិចសហគមន៍រស់នៅរបស់ពលរដ្ឋជាច្រើនកន្លែងតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: