ក្រោយធ្លាយទំនប់ទឹក Kakhovka ពេលនេះទឹកបានជន់លិចលើផ្ទៃដី ៦០០គីឡូម៉ែត្រការ៉េនៅក្នុងប្រទេសអ៊ុយក្រែន ខណៈពលរដ្ឋជាច្រើនពាន់នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់
- BY
- Pheakdey
- June 8, 2023
អ៊ុយក្រែន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនានេះបានឲ្យដឹងថា ទឹកដែលបានហូរចេញពីទំនប់ Kakhovka នៅក្នុងប្រទេសអ៊ុយក្រែនបានបង្កឲ្យមានទឹកជំនន់នៅតាមសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋហើយ ខណៈជម្រៅទឹកជំនន់ជាមធ្យមគឺមានកម្ពស់ ៥,៦១ ម៉ែត្រ។ បើតាមអាជ្ញាធរអ៊ុយក្រែនបញ្ជាក់ថា គិតត្រឹមពេលទឹកបានជន់លិចនៅលើផ្ទៃដីប្រមាណជា ៦០០ គិឡូម៉ែត្រការ៉េ ហើយតាមព្យាការណ៍បានបង្ហាញថា ស្ថានភាពទឹកជំនន់អាចបន្តរីករាលដាលលើផ្ទៃដីធំជាងនេះបន្ថែមទៀតផងដែរ។

បើយោងតាមសេចក្តីរាយការពីបណ្តាញសារព័ត៌របស់រុស្ស៊ីបានឲ្យដឹងថា ទឹកជំនន់បានជន់លិចចូលទៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋប្រហែលជា ១៤,០០០កន្លែង ខណៈមានពលរដ្ឋប្រមាណជា ៤,៣០០នាក់ត្រូវបានជម្លៀសខ្លួនជាបន្ទាន់។ យ៉ាងណាក្តី បើតាមភាគីខាងអ៊ុយក្រែនវិញបានអះអាងថា មានផ្ទះត្រឹមតែចំនួន ២,៦២៣ខ្នងដែលត្រូវបានជន់លិច និងមានពលរដ្ឋជិត ២,០០០នាក់ប៉ុណ្ណោះដែលបានធ្វើការជម្លៀសខ្លួន ខណៈនៅក្នុងនោះក៏មានកុមារចំនួន ១០៣នាក់ផងដែរ។ បើទោះជាយ៉ាងណាក៏ដោយចុះ គេនៅមិនទាន់ទទួលបានសេចក្តីរាយការណ៍ណាមួយបង្ហាញថា ទឹកជំនន់ខាងលើនេះបានបង្កឲ្យមានពលរដ្ឋត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






