អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ចិនសម្រេចអនុវត្តវិធានការផ្អាកបុគ្គលិកភេទស្រីណាដែលធាត់លើសពីទម្ងន់ស្តង់ដារ

BY
Pheakdey
June 12, 2023

ចិន៖ ក្រុមហ៊ុនអាកាសចរណ៍មួយបានសម្រេចដាក់ចេញនូវបទបញ្ជាដ៏តឹងរឹងមិនធ្លាប់មានមួយគឺផ្អាកមិនឲ្យមកធ្វើការងារនោះទេចំពោះបុគ្គលិកភេទស្រីរូបណាដែលធាត់លើសពីទម្ងន់ស្តង់ដារដែលក្រុមហ៊ុនបានកំណត់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃចន្ទ ទី១២ ខែមិថុនានេះបានបញ្ជាក់ថា​ ក្រុមហ៊ុនដែលបានអនុវត្តនូវគោលការណ៍ដ៏កម្រខាងលើនេះគឺ ក្រុមហ៊ុនអាកាសចរណ៍ Hainan Airlines ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។

គួរកត់សម្គាល់ថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន Hainan Airlines បានកំណត់យកទម្ងន់ស្តង់ដាររបស់បុគ្គលិកភេទស្រីដោយប្រើប្រាស់រូបមន្ត កម្ពស់ (គិតជាសង់ទីម៉ែត្រ) ដក ១១០ = ទម្ងន់ស្តង់ដារ (គិតជាគីឡូក្រាម)។ ឧទាហរណ៍ថា បុគ្គលិកភេទស្រីម្នាក់មានកម្ពស់ ១,៦៥ ម៉ែត្រ (១៦៥ សង់ទីម៉ែត្រ-១១០) នោះទម្ងន់ស្តង់ដាររបស់គាត់គឺ ៥៥ គីឡូក្រាម។ ប្រភពខាងលើបានបន្តថា ក្នុងការអនុវត្តវិធានការខាងលើនេះគឺក្រុមហ៊ុន Hainan Airlines បានសម្រេចដាក់ចេញនូវលក្ខខណ្ឌមួយចំនួនដូចជា បុគ្គលិកភេទស្រីណាដែលមានទម្ងន់តិចជាងទម្ងន់ស្តង់ដារ ៥%គឺ​នឹងត្រូវដាក់ឲ្យស្ថិតនៅក្នុងដំណាក់កាលតាមដានរៀងរាល់ខែដើម្បីកុំឲ្យពួកគេស្រកទម្ងន់បន្ថែមទៀត។ ដោយឡែកចំពោះបុគ្គលិកដែលមានទម្ងន់លើសពីទម្ងន់ស្តង់ដារ ៥-១០%​ នឹងត្រូវតាមដានរៀងរាល់សប្តាហ៍ ដើម្បីឲ្យពួកគេបញ្ចុះទម្ងន់មកវិញ ខណៈអ្នកដែលលើសទម្ងន់ ១០%ពីទម្ងន់ស្តង់ដារនឹងត្រូវផ្អាកពីការងារជាបណ្តោះអាសន្នសិនតែម្តង រហូតដល់ពួកគេអាចត្រលប់មកមានទម្ងន់ស្តង់ដារឡើងវិញ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: