បុរសម្នាក់ត្រូវចាប់ខ្លួនក្រោយបានឡើងលើអគារខ្ពស់បំផុតនៅកូរ៉េខាងត្បូងដល់ជាន់ទី ៧៣ ដោយប្រើតែដៃទទេ
- BY
- Pheakdey
- June 13, 2023
កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបានឃាត់ខ្លួនបុរសក្លាហានម្នាក់ ដែលបានព្យាយាមឡើងលើអគារដ៏ខ្ពស់មួយនៅក្នុងទីក្រុងសេអ៊ូលដោយគ្មានប្រើប្រាស់ឧបករណ៍ជំនួយអ្វីទាល់តែសោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនានេះ។ បុរសដែលបានព្យាយាមធ្វើរឿងដ៏គ្រោះថ្នាក់តែម្នាក់ឯង និងគ្មានការអនុញ្ញាតពីអាជ្ញាធរក្រុងសេអ៊ូល ឬស្ថាប័នជំនាញណាមួយរូបនេះមានឈ្មោះថា George King-Thompson និងជាជនជាតិអង់គ្លេស។

ប្រភពខាងលើបានបន្តថា អគារដែលលោក George King-Thompson បានព្យាយាមឡើងនោះមានឈ្មោះថា Lotte World Tower មានកម្ពស់ ៥៥៥ម៉ែត្រ និងមាន ១២៣ជាន់ ខណៈអគារពាណិជ្ជកម្មមួយនេះគឺជាអគារខ្ពស់ជាងគេបំផុតប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង និងជាអគារខ្ពស់ជាងគេបំផុតលំដាប់ទី ៤នៅលើពិភពលោកផងដែរ។ ការឃាត់ខ្លួនបុរសដែលចូលចិត្តយកជីវិតខ្លួនឯងទៅប្រលែងលេងជាមួយនឹងគ្រោះថ្នាក់រូបនេះគឺត្រូវបានធ្វើឡើងនៅពេលដែលគាត់បានឡើងទៅដល់ជាន់ទី ៧៣ទៅហើយ ខណៈរូបគាត់មានបំណងចង់ឡើងឲ្យដល់ដំបូលអគារដោយប្រើតែដៃទទេប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា នាពេលកន្លងមកលោក George King-Thompson ធ្លាប់បានជាប់ពន្ធនាគាររយៈពេល ៦ខែម្តងរួចហើយក្រោយរូបគាត់បានធ្វើសកម្មភាពដូចនេះ ពោលគឺឡើងលើអគារ The Shard នៅក្នុងទីក្រុងឡុងដ៍ដោយដៃទទេរហូតដល់ជាន់ទី ៧២៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






