អន្តរជាតិ

អង់គ្លេសបានខាតបង់សេដ្ឋកិច្ចស្មើនឹងប្រាក់ចំណូលនៃថ្ងៃធ្វើការងារជិត ៤លានថ្ងៃ ដោយសារបាតុកម្មជាងមួយឆ្នាំមកនេះ

BY
Pheakdey
June 13, 2023

អង់គ្លេស៖ របាយការណ៍មួយបានបង្ហាញថា ប្រទេសអង់គ្លេសបានខាតបង់សេដ្ឋកិច្ចស្មើនឹងថ្ងៃធ្វើការងារជិត ៤លានថ្ងៃដោយសារការធ្វើបាតុកម្មក្នុងរយៈជាងមួយឆ្នាំមកនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមិថុនានេះ។ គួរបញ្ជាក់ថា បាតុកម្មដែលបានផ្តល់ការគំរាមគំហែងដល់ប្រទេសអង់គ្លេសនោះគឺបានផ្តើមកើតឡើងចាប់តាំងពីខែមករាឆ្នាំមុន ហើយគិតរហូតមកទល់នឹងពេលនេះការតវ៉ាហាក់នៅមិនទាន់បានបិទបញ្ចប់ទាំងស្រុងនៅឡើយទេ បើទោះជាវាមានសភាពធូរស្រាលច្រើនហើយក៏ដោយ។

ប្រភពខាងលើបានបន្តថា បើគិតពីទំហំសេដ្ឋកិច្ចដែលរដ្ឋាភិបាលអង់គ្លេសបានខាតបង់គឺតម្លៃប្រហែលជា ១,៣ ពាន់លានផោន ឬស្មើនឹងប្រាក់ចំណូលនៃថ្ងៃធ្វើការងារគិតជាមធ្យមចំនួន ៣,៩លានថ្ងៃផងដែរ។ សូមបញ្ជាក់ជូនថា បាតុកម្មដែលកំពុងកើតមាននៅក្នុងប្រទេសអង់គ្លេសនៅពេលនេះគឺបានបង្កឡើងដោយក្រុមគ្រូពេទ្យនៅទូទាំងប្រទេស ដែលបានប្រមូលផ្តុំគ្នាទាមទាឲ្យរដ្ឋាភិបាលកែសម្រួលលក្ខខណ្ឌធ្វើការងាររបស់ពួកគេមួយចំនួន និងទាមទារដំឡើងប្រាក់ខែគោល ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗឲ្យស្របទៅនឹងកម្រិតអតិផរណានៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ។ បើតាមរដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថា បាតុកម្មខាងលើនេះគឺជាបាតុកម្មដែលអាក្រក់បំផុតមិនធ្លាប់មាននោះទេ បើគិតចាប់តាំងពីឆ្នាំ ១៩៨៩ មក៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: