ជំងឺគ្រុនឈាមកំពុងផ្ទុះការរាតត្បាតនៅប្រទេសថៃ ដោយគិតជាមធ្យមមានអ្នកកើត ៩០០នាក់ និងបាត់បង់ជីវិតម្នាក់ក្នុមួយសប្តាហ៍
- BY
- Pheakdey
- June 13, 2023
ថៃ៖ ប្រទេសថៃបានកំពុងតែប្រឈមនឹងការរាតត្បាតនៃជំងឺគ្រុនឈាមក្នុងកម្រិតគួរឲ្យព្រួយបារម្ភមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែមិថុនានេះ។ បើតាមលោកស្រី Traisuree Taisaranakul អ្នកនាំពាក្យឲ្យរដ្ឋាភិបាលថៃបានបញ្ជាក់ថា កម្រិតរាតត្បាតនៃជំងឺគ្រុនឈាមនៅប្រទេសថៃក្នុងពេលនេះគឺលឿនជាងកម្រិតឆ្លងកាលពីឆ្នាំមុនរហូតដល់ ៤,២ដងឯណោះ។

ប្រភពខាងលើបានបន្តថា បើគិតជាមធ្យមចំពោះករណីអ្នកកើតជំងឺគ្រុនឈាមនៅពេលនេះគឺក្នុងមួយសប្តាហ៍មានអ្នកកើតប្រមាណជា ៩០០នាក់ និងស្លាប់ចំនួនម្នាក់។ ដោយឡែកបើគិតចាប់តាំងដើមខែមករាមករហូតមកទល់នឹងពេលនេះគឺប្រទេសថៃបានរកឃើញករណីអ្នកកើតជំងឺគ្រុនឈាមសរុបជាង ១៩,០០០ករណី និងបានរកឃើញអ្នកស្លាប់សរុបចំនួន ១៧នាក់ផងដែរ។ សូមបញ្ជាក់ថា ទីតាំងដែលកំពុងប្រឈមនឹងការរាតត្បាតជំងឺគ្រុនឈាមខ្ពស់នៅក្នុងប្រទេសថៃមានដូចជា ទីក្រុងបាងកក ខេត្ត Trat, ខេត្ត Nan, ខេត្ត Chanthaburi, ខេត្ត Rayong និងខេត្ត Mae Hong Son៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






