បុគ្គលិកម្នាក់នៅអាមេរិក ដែលត្រូវក្រុមហ៊ុន Starbucks បញ្ឈប់ពីការងារជុំវិញករណីរើសអើងជាតិសាសន៍នឹងទទួលបានប្រាក់សំណងជាង ២៥លានដុល្លារ
- BY
- Pheakdey
- June 14, 2023
អាមេរិក៖ បុគ្គលិកម្នាក់ដែលត្រូវបានក្រុមហ៊ុន Starbucks បញ្ឈប់ពីការងារជុំវិញករណីរើសអើងជាតិសាសាន៍ត្រូវទទួលបានប្រាក់សំណងចំនួន ២៥,៦ លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនានេះ។ បុគ្គលិករូបនេះមានឈ្មោះថា Shannon Phillips ភេទស្រី ជាអតីតប្រធានគ្រប់គ្រងតំបន់របស់ក្រុមហ៊ុន Starbucks ប្រចាំនៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។

គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងពីឆ្នាំ ២០១៨ម្លេះ ដោយពេលនោះមានបុរសជនជាតិស្បែកខ្មៅចំនួន ២នាក់បានចូលទៅក្នុងហាងកាហ្វេ Starbucks មួយកន្លែងនៅក្នុងទីក្រុង Philadelphia នៃរដ្ឋ New Jersey ដើម្បីជួបប្រជុំជាមួយបុរសជនជាតិស្បែកសម្នាក់ ដែលមិនទាន់បានមកដល់ក្នុងហាងកាហ្វេនៅឡើយទេ។ ក្នុងអំឡុងពេលកំពុងរង់ចាំបុរសជនជាតិស្បែកសនោះ បុរសជនជនជាតិស្បែកខ្មៅទាំង ២នាក់នោះមិនទាន់ធ្វើការកម៉្មង់អ្វីសម្រាប់ញ៉ាំឡើយ ខណៈពេលនោះមានបុរសជនជាតិស្បែកខ្មៅម្នាក់ស្រាប់តែឈឺបត់ជើង និងសុំការអនុញ្ញាតពីបុគ្គលិកក្នុងហាងកាហ្វេដើម្បីទៅប្រើប្រាស់បន្ទប់ទឹក។
យ៉ាងណាក្តី ពេលនោះក្រុមបុគ្គលិកនៅក្នុងកាហ្វេ Starbucks មិនបានអនុញ្ញាតឲ្យបុរសជនជាតិស្បែកខ្មៅនោះទៅប្រើប្រាស់បន្ទប់ទឹកឡើយ និងបានប្រាប់ឲ្យពួកគាត់ទាំង ២នាក់ចាកចេញពីក្នុងហាងកាហ្វេទៀតផង តែពួកគាត់មិនព្រមដើរចេញនោះទេ។ នៅក្នុងស្ថានភាពចម្រូងចម្រាសនោះ បុគ្គលិកក្នុងហាងកាហ្វេក៏បានប្តឹងប៉ូលិសឲ្យមកធ្វើអន្តរាគមន៍ ហើយសកម្មភាពចាប់បុរសជនជាតិស្បែកខ្មៅទាំង ២នាក់នោះត្រូវបានគេយកទៅបង្ហោះជាសាធារណៈលើបណ្តាញអ៊ីនធឺណិត ខណៈមានពលរដ្ឋជាច្រើនបានរិះគន់យ៉ាងខ្លាំងទៅលើក្រុមហ៊ុន Starbucks ថា មាននិន្នាការរើសអើងជាតិសាសន៍។
ភ្លាមៗក្រោយផ្ទុះការរិះគន់ ក្រុមហ៊ុន Starbucks បានសម្រេចបញ្ឈប់អ្នកនាង Shannon Phillips ដែលជាជនជាតិស្បែកសពីការងារយ៉ាងបន្ទាន់ ដើម្បីពន្លត់កំហឹងរបស់មហាជន តែក្រោយមកតុលាការរដ្ឋ New Jersey បានរកឃើញថា អ្នកនាង Shannon Phillips មិនបានប្រព្រឹត្តអ្វីខុសនោះទេ ហើយការសម្រេចបញ្ឈប់រូបគាត់ពីការងារនោះគឺដោយសារតែរូបគាត់ជាជនជាតិស្បែកស ដ្បិតខាងក្រុមហ៊ុនគិតថា ការបញ្ឈប់បុគ្គលិកស្បែកសនិងមានតួនាទីខ្ពស់រូបនេះពីការងារអាចជួយធ្វើឲ្យមហាជនឈប់មានកំហឹងជាមួយក្រុមហ៊ុនបាន។ ផ្អែកលើការរកឃើញខាងលើ តុលាការរដ្ឋ New Jersey កាលពីពេលថ្មីៗនេះបានសម្រេចបង្គាប់ឲ្យក្រុមហ៊ុន Starbucks ត្រូវបង់ប្រាក់សំណងទៅកាន់អ្នកនាង Shannon Phillips ចំនួន ២ករណី ដោយករណីទី ១គឺជាសំណងនៃការបញ្ឈប់បុគ្គលិកខុសពីច្បាប់ការងារដែលមានចំនួន ៦០០,០០០ដុល្លារ ខណៈករណីទី ២ គឺជាប្រាក់សំណងដែលក្រុមហ៊ុនបានធ្វើខុសទៅនឹងច្បាប់ស្តីពីការលុបបំបាត់ការរើសអើងជាតិសាសន៍ដែលមានជាធរមាននៅក្នុងរដ្ឋ New Jersey ដោយប្រាក់សំណងនេះមានចំនួនរហូតដល់ ២៥លានដុល្លារ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






