PR

មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន ដើម្បីលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជា

BY
Naren
June 16, 2023

(ភ្នំពេញ-ប្រទេសកម្ពុជា)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រសួងអប់រំកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងពិធីសម្ពោធមជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន ដែលជាគំនិតផ្តួចផ្តើមថ្មីមួយក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអប់រំឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកនៃខួប 70 ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។

ដោយសារបច្ចេកវិទ្យាឌីជីថលបន្តផ្លាស់ប្តូរបែបបទដែលយើងរស់នៅ និងធ្វើការ វាចាំបាច់ណាស់ដែលសិស្សានុសិស្សគួរមានលទ្ធភាពប្រើប្រាស់ឧបករណ៍ និងធនធានចុងក្រោយបង្អស់ដើម្បីជួយពួកគេឱ្យទទួលបានជោគជ័យក្នុងសតវត្សទី21។ មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុននឹងផ្តល់ការអប់រំឌីជីថលចេញពីបច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុន។

មជ្ឈមណ្ឌលនឹងផ្តល់ជូននូវកម្មវិធីជាច្រើន រួមទាំងថ្នាក់សរសេរកូដ និងកម្មវិធី Think!Think! ជាកម្មវិធីដែល JICA បាននិងកំពុងអនុវត្តនៅសាលារដ្ឋជាច្រើនជាដើម។

«ខ្ញុំជឿជាក់ថា មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុននឹងផ្តល់ឱកាសដល់សិស្សានុសិស្សវ័យ
ក្មេងបានស្គាល់មុខវិជ្ជា STEM និងបច្ចេកវិទ្យាឌីជីថល។ លើសពីនេះ ខ្ញុំសង្ឃឹមថាសិស្ស ដែលសិក្សានៅមជ្ឈមណ្ឌលនេះនឹងក្លាយជាស្ពាន ផ្សារភ្ជាប់ចំណងរវាងប្រទេសជប៉ុន និងកម្ពុជាសម្រាប់ អនាគត។- ឯកឧត្តម Ueno Atushi ឯកអគ្គរាជទូតជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា។»

សិស្សានុសិស្សទាំងអស់នៅក្នុងសាលាបឋមសិក្សាព្រះនរោត្ដម មានសិស្សប្រមាណជាង ២០០០នាក់ ឥឡូវនេះអាចចូលរៀនថ្នាក់របស់មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន បានម្តងក្នុងមួយសប្តាហ៍។ មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុននឹងបើកសាខាបន្ថែមទៀតជាមួយ JICA និងក្រុមហ៊ុនឯកជនជប៉ុន៕

Share This Post: