អន្តរជាតិ

តារាTikTok ចិនម្នាក់បានទទួលមរណភាព ក្រោយប្តេជ្ញាសម្រកទម្ងន់ ១០០គីឡូក្រាម ត្រូវគេសង្ស័យថា ប្រហែលជាព្យាយាមសម្រកទម្ងន់ហួសកម្រិតខ្លាំងពេក

BY
Pheakdey
June 19, 2023

ចិន៖ កាលពីប៉ុន្មានសប្តាហ៍មុននេះមានតារាល្បីនៅលើបណ្តាញសង្គម TikTok (Influencer) ក្នុងប្រទេសចិនម្នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតទាំងគេមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការស្លាប់នោះទេ ខណៈមរណភាពនោះគឺបានកើតឡើងក្រោយពេលដែលរូបគាត់បានបង្ហោះវីដេអូមួយទៅកាន់ក្រុមអ្នកគាំទ្ររបស់គាត់ថា គាត់នឹងសម្រកទម្ងន់ឲ្យបាន ១០០គីឡូក្រាម។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN បានបញ្ជាក់ថា តារា TikTok ដែលបានបាត់បង់ជីវិតយ៉ាងអាណោច​អាធ័មរូបនេះមានឈ្មោះថា Cuihua ភេទស្រី អាយុ ២១ ឆ្នាំ ជាមនុស្សធាត់លើសទម្ងន់យ៉ាងច្រើនម្នាក់​​ ពោលគឺគាត់មានទម្ងន់ខ្លួនរហូតដល់ ១៥៦គីឡូក្រាមឯណោះ។

ប្រភពខាងលើបានបន្តថា បើទោះជាគេនៅ​មិនទាន់ទទួលបានព័ត៌មានជាក់លាក់នៃការស្លាប់របស់គាត់ក៏ពិតមែន តែថ្មីៗនេះគេបានប្រទះឃើញវីដេអូមួយបង្ហាញថា ២ថ្ងៃមុនពេលទទួលមរណភាព​ គឺអ្នកនាង Cuihua បានបង្ហាញខ្លួនក្នុងយុទ្ធនាការសម្រកទម្ងន់មួយនៅក្នុងខេត្ត​ Shaanxi ភាគខាងត្បូងប្រទេសចិន។ បើតាមក្រុមអ្នកជំនាញបានដាក់ការសង្ស័យថា ការស្លាប់របស់អ្នកនាង Cuihua អាចជាប់ទាក់ទងនឹងការចូលរួមក្នុងយុទ្ធនាការសម្រកទម្ងន់នោះ ដោយរូបគាត់បានព្យាយាមធ្វើការសម្រកទម្ងន់ឲ្យសល់ត្រឹម ៥៦គីឡូក្រាមយ៉ាងគំហុកខ្លាំងពេក។ អ្នកនាង Cuihua ក៏ធ្លាប់បានសន្យាថា នឹងបង្ហោះវីដេអូអំពីដំណើរការនៃការសម្រកទម្ងន់នោះពីមួយដំណាក់កាលទៅមួយដំណាក់កាលនៅលើបណ្តាញសង្គម​TikTok ផងដែរ ដើម្បីឲ្យក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់របស់គាត់បានទស្សនា។

ជុំវិញករណីដដែលនេះក្រុមអ្នកជំនាញផ្នែកសង្គមចិនបានធ្វើការស្នើសុំឲ្យអាជ្ញាធរចិនត្រូវបន្ថែមការត្រួតពិ​និត្យចំពោះក្រុមអ្នកលក់ថ្នាំសម្រកទម្ងន់ និងក្លឹបហាត់ប្រាណដែលបានបើកវគ្គបណ្តុះបណ្តាលស្តីពីការសម្រកទម្ងន់ទាំងអស់ដើម្បីធានាថាផលិតផលនិងសេវាកម្មរបស់ពួកគេពិតជាបានរៀបចំឡើងត្រឹមត្រូវស្របតាមស្តង់ដារបច្ចេកទេស ពោលគឺគ្មានផ្តល់ផលប៉ះពាល់ចំពោះអ្នកប្រើប្រាស់នោះទេ។ មួយវិញទៀត អាជ្ញាធរចិនក៏ត្រូវតែធ្វើការរឹតបណ្តឹងចំពោះមាតិកា ដែលក្រុមអ្នកប្រើប្រាស់អ៊ីនធឺណិតបានបង្ហោះនៅលើបណ្តាញសង្គមផងដែរ ដ្បិតមាតិកាខ្លះគឺជាការបំផុសឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់អាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ជាក់ស្តែងកាលពី ២សប្តាហ៍មុនក៏មានតារាអ៊ីនធឺណិតចិនម្នាក់បានស្លាប់បាត់បង់ជីវិតផងដែរ ក្រោយរូបគាត់បានព្យាយាមផឹកស្រាដែលមានជាតិអាកុលខ្ពស់អស់ជាច្រើនដបនៅក្នុងការភ្នាល់គ្នាមួយនៅលើបណ្តាញសង្គម TikTok៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

Share This Post: