អន្តរជាតិ

អ្នកដឹកនាំរឿង “Titanic” ពន្យល់ប្រាប់ពីមូលហេតុមួយចំនួន ដែលនាវាមុជទឹក Titan បានផ្ទុះ

BY
Pheakdey
June 24, 2023

ហេតុការណ៍ផ្ទុះនាវាមុជទឹក Titan នៅតែជាប្រធានបទដ៏ក្តៅគគុកមួយសម្រាប់ពលរដ្ឋរាប់លាននាក់នៅជុំវិញពិភពលោក ខណៈក្រុមអ្នកជំនាញវិញបានព្យាយាមបង្ហាញពីចំណាប់អារម្មណ៍ផ្សេងៗចំពោះមូលហេតុដែលធ្វើឲ្យនាវាផ្ទុះ និងបានសម្លាប់មនុស្សអស់ចំនួន ៥នាក់។ បើយោងតាមលោក James Cameron ដែលជាអ្នកដឹកនាំរឿង “Titanic” និងជាអ្នកជំនាញផ្នែកនាវាម្នាក់ផងនោះបានលើកឡើងថា គាត់បានមើលឃើញពីចំណុចអវិជ្ជមានមួយចំនួនដែលបណ្តាលឲ្យនាវាត្រូវផ្ទុះឡើងដោយនៅក្នុងនោះមានទាំងបញ្ហាបច្ចេកនៃការផលិតនាវា និងរបៀបនៃការគ្រប់គ្រងនាវាផងដែរ។

អ្នកជំនាញរូបនេះបានបន្តថា កំហុសដ៏ធំចម្បងមួយរបស់នាវា Titan គឺការច្នៃម៉ូតរបស់វាតែម្តង ដ្បិតនាវាត្រូវបានរចនាឡើងដោយមានតួរាងស៊ីឡាំងធ្វើពីកាបោនប្រភេទ Carbon Fiber ខណៈតួនាវាប្រភេទនេះគឺងាយនឹងរងនូវការខូតខាតណាស់នៅពេលដែលនាវាចុះកាន់តែជ្រៅទៅក្រោមបាតសមុទ្រ។ រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ ការកំំណត់ពីសមត្ថភាពរបស់នាវាមិនបានច្បាស់លាស់ពីសំណាក់ក្រុមហ៊ុន​ Ocean Gate ចំពោះជម្រៅទឹកសមុទ្រដែលនាវាអាចចុះទៅដល់ដោយសុវត្ថិភាព។

កាលពីឆ្នាំ ២០១៨ កន្លងទៅមានឯកសារមួយបានបង្ហាញ នាវារបស់ក្រុមហ៊ុន Ocean Gate អាចមានសមត្ថភាពចុះទៅក្រោមបាតសមុទ្រក្នុងជម្រៅ ១,៣០០ម៉ែត្រ ខណៈនៅក្នុងបេសកកម្មខាងលើនេះគឺនាវា Titan មានគោលដៅចុះទៅក្នុងបាតសមុទ្រក្នុងជម្រៅរហូតដល់ ៤,០០០ម៉ែត្រឯណោះ។ ក្រុមអ្នកជំនាញបានបន្តថា ពេលចុះទៅក្នុងបាតសមុទ្រកាន់តែជ្រៅ តួរបស់នាវា Titan កាន់តែចុះខ្សោយ ហើយដោយមិនអាចទប់ទល់នឹងសម្ពាធពីខាងក្រៅបាននាវាក៏បានផ្ទុះជាបំបែកតែម្តង។ យ៉ាងណាក្តី សម្រាប់អ្នកនៅក្នុងនាវាវិញគឺបានទទួលសញ្ញាព្រមានជាច្រើនដងមុនពេលនាវាផ្ទុះ ហើយពួកគេបានស្លាប់បាត់បង់ជីវិតតាំងពីមុននាវាបានផ្ទុះម្លេះ៕

 លោក James Cameron

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

Share This Post: