សាលាបង្រៀនដ៏ធំបំផុតមួយនៅហ្វីលីពីន ហាមឃាត់សិស្សមិនឱ្យយកឡាតូចូលបរិវេណសាលា ដោយសារបង្កឱ្យមានរបួស និងសំឡេងរំខាន
- BY
- autoadmin
- June 28, 2023
សាលាជាតិ Abellana ដែលជាសាលាបង្រៀនដ៏ធំបំផុតមួយនៅទីក្រុង Cebu នៃប្រទេសហ្វីលីពីន បានដាក់ចេញការហាមឃាត់សិស្សពីការនាំយកប្រដាប់លេងម្យ៉ាងហៅថា «lato-lato» (ឡាតូ) ទៅក្នុងបរិវេណសាលា។ លោកនាយកសាលា Nathanael Flores របស់ Abellana បានចេញអនុស្សរណៈមួយ កាលពីថ្ងៃទី២០ ខែមិថុនា ដោយបានណែនាំគ្រូបង្រៀនទាំងអស់ ត្រូវជូនដំណឹងទៅកាន់អាណាព្យាបាល ឬសិស្សរបស់ពួកគេស្ដីពីការហាមឃាតនេះ។ លោក Flores បានរៀបរាប់ថា ការហាមឃាត់នេះបានធ្វើឡើង ក្រោយពីបានមើលឃើញពីសន្ទុះនៃការលេងឡាតូ ខណៈដែលប្រដាប់លេងមួយនេះបានធ្វើឱ្យកុមារមួយចំនួនរងរបួស ហើយអ្នកខ្លះបានយកវាធ្វើជាអាវុធ ដែលអាចមានហានិភ័យខ្ពស់នៅក្នុងចំណោមកុមារផ្សេងទៀត។

លោកនាយក Flores ក៏បានលើកឡើងពីអនុស្សរណៈដែលចេញដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដែលណែនាំដល់សាធារណជនកុំឱ្យទិញឡាតូ ជាច្រើនប្រភេទផ្សេងៗគ្នា។ លោក Flores បានបន្ថែមថា សំឡេងរំខានដែលបង្កើតឡើងដោយឡាតូ ក៏អាចរំខានដល់ថ្នាក់រៀនផងដែរ។ លោកថា សាលាទាំងមូលមានសិស្សយ៉ងហោចណាស់ ៥,០០០ នាក់ ហើយប្រសិនបើពួកគេសម្រុកនាំគ្នាយកវាមកលេងនីសាលា វានឹងធ្វើឱ្យសាលាពោរពេញទៅដោយសំឡេងរំខាន។ លោកបានសង្កត់ធ្ងន់ថា សុខុមាលភាពរបស់សិស្សគឺជាកង្វល់ចម្បងរបស់សាលា ក្នុងការហាមឃាត់ប្រដាប់ក្មេងលេងនៅក្នុងបរិវេណសាលា។ លោកបាននិយាយថា មាតាបិតា គ្រូ និងថ្នាក់ដឹកនាំសិស្ស ត្រូវបានពិគ្រោះយោបល់មុនពេលអនុស្សរណៈនេះដាក់ចេញឡើង៕


អត្ថបទ៖ លីដា
ប្រភព៖ Manila Bulletin
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






