អន្តរជាតិ

ភ្នាក់ងារទេសចរណ៍ធំបំផុតរបស់ចិន នឹងផ្តល់ប្រាក់ឧបត្ថម្ភសរុបជាង ១៣៧លានដុល្លារទៅកាន់បុគ្គលិក ដើម្បីលើកទឹកចិត្តឲ្យពួកគេយកកូនឲ្យបានច្រើន

BY
Pheakdey
June 30, 2023

ចិន៖ Trip.com Group ដែលជាភ្នាក់ងារទេសចរណ៍ធ៏ធំបំផុតនៅក្នុងប្រទេសចិនបានប្រកាសនៅថ្ងៃសុក្រ ទី៣០ ខែមិថុនានេះថា ក្រុមហ៊ុនបានសម្រេចអនុម័តកញ្ចប់ថវិកាចំនួន ១ពាន់លានយន់ (ជាង ១៣៧លានដុល្លារ) សម្រាប់ផ្តល់ជូនក្រុមបុគ្គលិករបស់ខ្លួន ដើម្បីលើកទឹកចិត្តឲ្យពួកគេយកកូនឲ្យបានច្រើនតាមបំណងប្រាថ្នារបស់ពួកគេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ថវិកាដ៏ច្រើនខាងលើនេះនឹងត្រូវផ្តល់ជូនតាមរយៈកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១០,០០០យន់ (១,៣៧៧ដុល្លារ) ជារៀងរាល់ឆ្នាំទៅកាន់បុគ្គលិករូបណាដែលមានកូនម្នាក់។

ប្រភពខាងលើបានបន្តថា ការផ្តល់ជូនប្រាក់ឧបត្ថម្ភនេះនឹងត្រូវបន្តធ្វើឡើងនៅក្នុងរយៈពេល ៥ឆ្នាំជាប់គ្នា ដូចនេះវាមានន័យថា បុគ្គលិកដែលមានកូនម្នាក់នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភសរុបចំនួន ៥០,០០០យន់ (៧៤,៣៦៧ដុល្លារ) សម្រាប់កូនម្នាក់ ខណៈប្រាក់ឧបត្ថម្ភនេះនឹងត្រូវផ្តល់ជូនគ្រប់ចំនួនកូនទាំងអស់ដែលបុគ្គលិកម្នាក់ៗមាន។ តាមគម្រោងគឺកម្មវិធីផ្តល់ជូនប្រាក់ឧបត្ថម្ភនេះនឹងត្រូវចាប់ផ្តើមអនុវត្តចំពោះបុគ្គលិករូបណាដែលមានកូនចាប់ពីថ្ងៃទី ១ ខែកក្កដានេះតទៅ និងអនុវត្តគ្រប់បុគ្គលិករបស់ក្រុមហ៊ុន Trip.com Group ទាំងអស់ដែលកំពុងបំពេញការងារនៅក្រៅប្រទេសចិនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

Share This Post: