អន្តរជាតិ

ការសិក្សាមួយបង្ហាញថា ចំនួនអ្នកបានបញ្ចប់ជីវិតខ្លួនឯងនៅសិង្ហបុរីបានកើនឡើងខ្លាំងមិនធ្លាប់មាននៅក្នុងរយៈពេល ២២ឆ្នាំចុងក្រោយនេះ

BY
Pheakdey
July 2, 2023

សិង្ហបុរី៖ ចំនួនអ្នកបានបញ្ចប់ជីវិតខ្លួនឯងនៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងយ៉ាងខ្លាំងមិនធ្លាប់មាននៅក្នុងរយៈពេល ២២ឆ្នាំចុងក្រោយ នេះបើយោងតាមការសិក្សាមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន NDTV កាលពីថ្ងៃសោរ៍ ទី១ ខែកក្កដានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌល Samaritans of Singapore (SOS) ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី។

នៅក្នុងរបាយការណ៍នៃការសិក្សាបានបង្ហាញថា នៅក្នុងឆ្នាំ ២០២២ គឺមានពលរដ្ឋសិង្ហបុរីចំនួន ៤៧៦នាក់បានបញ្ចប់ជីវិតខ្លួនឯង ខណៈកាលពីឆ្នាំ ២០២១ កន្លងទៅតួលេខអ្នកបានបញ្ចប់ជីវិតខ្លួនឯងនេះមានត្រឹម ៣៧៨នាក់ប៉ុណ្ណោះ។ បើគេធ្វើការប្រៀបធៀបតួលេខអ្នកដែលបានបញ្ចប់ជីវិតខ្លួនឯងនៅក្នុងឆ្នាំ ២០២២ ជាមួយនឹងតួលេខនៅក្នុងឆ្នាំកន្លងទៅគឺមានការកើនឡើងចំនួន ២៦% ដែលជាកំណើនដ៏ខ្ពស់មិនធ្លាប់មាននោះទេ បើគិតចាប់តាំងពីឆ្នាំ ២០០០ មក។

បើតាមលោក Jared Ng ដែលអ្នកជំនាញផ្នែកចិត្តសាស្រ្ត និងអ្នកប្រឹក្សាសុខភាពផ្លូវចិត្តសិង្ហបុរីបានបង្ហាញចំណាប់អារម្មណ៍ជុំវិញលទ្ធផលនៃការសិក្សាខាងលើថា ការ​សម្រេចបញ្ចប់ជីវិតខ្លួនឯងនេះ​បានបង្ហាញ​ពី​ទុក្ខសោក​ផ្លូវចិត្ត​មើលមិន​ឃើញ​ដែល​កំពុង​មាន​នៅ​ក្នុង​សង្គម​សិង្ហបុរី ជាពិសេស​នៅក្នុងចំណោមក្រុម​យុវជន និង​ក្រុម​មនុស្សចាស់ ហើយវាគឺជារឿងគួរឲ្យខ្លោចចិត្តបំផុតមួយផងដែរ។ គួរបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋសិង្ហបុរីដែលបានបញ្ចប់ជីវិតខ្លួនឯងនោះ គឺភាគច្រើនជាពលរដ្ឋដែលមានអាយុចន្លោះពី ១០-១៩ឆ្នាំ និងចន្លោះពី ៧០-៧៩ឆ្នាំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ NDTV

 

Share This Post: