អន្តរជាតិ

ចិនទាញសញ្ញាព្រមានពីគ្រោះថ្នាក់នៃបាតុកម្មនៅបារាំងទៅកាន់ពលរដ្ឋខ្លួនដែលកំពុងធ្វើដំណើរកំសាន្តនៅតំបន់អឺរ៉ុប

BY
Pheakdey
July 2, 2023

ចិន៖ នៅថ្ងៃអាទិត្យ ទី២ ខែកក្កដានេះ ទីក្រុងប៉េកាំងបានទាញសញ្ញាព្រមានមួយទៅកាន់ក្រុមពលរដ្ឋរបស់ខ្លួនដែលកំពុងមានវត្តមាននៅក្នុងប្រទេសបារាំង ជុំវិញករណីបាតុកម្មដ៏ហឹង្សានៅក្នុងក្រុង Marseille ប្រទេសបារាំង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានបញ្ជាក់ថា ការជូនដំណឹងអំពីបញ្ហាសុវត្ថិភាពនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរចិនទទួលបានដំណឹងថា មានពលរដ្ឋខ្លួនចំ​នួន ៥នាក់បានរងរបួសនៅក្នុងការធ្វើបាតុកម្មពីសំណាក់ពលរដ្ឋបារាំងជាច្រើនម៉ឺននាក់នោះ។

បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា នៅក្នុងរដូវក្តៅនេះមានពលរដ្ឋចិនជាច្រើននាក់បានធ្វើដំណើរកំសាន្តទៅកាន់តំបន់អឺរ៉ុប ហើយនៅក្នុងនោះបារាំងគឺជាដែនដីមួយ ដែលក្រុមអ្នកទេសចរណ៍ចិនមិនដែលមើលរំលងនោះទេ។ សូមបញ្ជាក់ជូនថា​ បាតុកម្មនៅបារាំងបានផ្តើមកើតឡើងតាំងតែពីថ្ងៃពុធមកម្លេះ ក្រោយប៉ូលិសបារាំងបានបាញ់សម្លាប់យុវជនម្នាក់នៅក្នុងករណីត្រួតពិនិត្យចរាចរណ៍។ គិតត្រឹមពេលនេះអាជ្ញាធរបារាំងបានឃាត់ខ្លួនហ្វូងបាតុករជាង ២ពាន់នាក់ហើយ ខណៈកងកម្លាំងបារាំងចំនួន ៤៥,០០០នាក់ត្រូវបានដាក់ពង្រាយពេញទីក្រុង Marseille ដើម្បីត្រៀមទប់ទល់នឹងហ្វូងបាតុករ៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning

Share This Post: