អន្តរជាតិ

កសិករវៀតណាមងាកទៅធ្វើស្រែនៅពេលមេឃងងឹតវិញម្តង ដើម្បីអាចគេចផុតពីរលកកម្តៅដ៏ខ្ពស់នៅពេលថ្ងៃ

BY
Pheakdey
July 4, 2023

វៀតណាម៖កសិករវៀតណាមមួយចំនួនបានសម្រេចទៅធ្វើស្រែនៅពេលមេឃងងឹតវិញម្តង ក្រោយសីតុណ្ហភាពនៅពេលថ្ងៃបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ការផ្លាស់ប្តូរពេលវេលានៃការធ្វើស្រែនេះត្រូវបានគេប្រទះឃើញកំពុងកើតមានចំពោះក្រុមប្រជាកសិករ ដែលកំពុងរស់នៅក្នុងតំបន់ភាគខាងជើង និងភាគកណ្តាលនៃប្រទេសវៀតណាម ខណៈនៅពេលថ្ងៃតំបន់ទាំងនោះត្រូវប្រឈមនឹងសីតុណ្ហភាពខ្ពស់ជាង ៣៧អង្សាសេសម្រាប់រដូវក្តៅក្នុងឆ្នាំ ២០២៣នេះ។

កសិករវៀតណាមម្នាក់គឺលោក Tran Thi Lan អាយុ ៤៧ឆ្នាំបានប្រាប់ឲ្យដឹងថា​ ដើម្បីអាចគេចផុតពីរលកកម្តៅ និងអាចរក្សាទិន្នផលស្រូវរបស់គាត់ឲ្យដូចរាល់ឆ្នាំបាននោះ គាត់បានក្រោកទៅធ្វើស្រែតាំងតែពីម៉ោង ៣ព្រឹក ហើយឈប់សម្រាកនៅពេលថ្ងៃរះខ្លាំង និងត្រលប់ទៅស្រែម្តងទៀតនៅពេលល្ងាច។ ស្រដៀងគ្នានេះដែរ អ្នកស្រី Nguyen Hung Phuong អាយុ ៦២ឆ្នាំបានរៀបរាប់ថា មួយរយៈនេះក្រុមគ្រួសាររបស់តែងក្រោកទៅធ្វើស្រែនៅម៉ោង ៤ព្រឹក ហើយឈប់សម្រាកនៅម៉ោង ៩ព្រឹក និងត្រលប់ទៅស្រែម្តងទៀតនៅម៉ោង ៣ល្ងាច រហូតដល់ម៉ោង ៩យប់ ទើបអាចបញ្ចប់ការងារប្រចាំថ្ងៃរបស់គាត់បាន។ គួររម្លឹកជូនថា នៅក្នុងឆ្នាំនេះប្រទេសវៀតណាមបានប្រឈមនឹងរលកកម្តៅក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានស្ទើរតែទូទាំងប្រទេស ហើយបញ្ហាធម្មជាតិមួយនេះក៏បានធ្វើឲ្យតំបន់ជាច្រើននៅក្នុងប្រទេសវៀតណាមត្រូវខ្វះខាតថាមអគ្គិសនីសម្រាប់ប្រើប្រាស់ផងដែរ៕

អត្ថបទ៖ភក្តី

ប្រភព៖ The Strait Time

Share This Post: