ពលរដ្ឋចិនមួយចំនួនសម្រុកទៅទិញមីកំប៉ុងខ្នាតយក្សមួយប្រភេទ ដែលមានតម្លៃរហូតដល់ ២៧៧ដុល្លារក្នុងមួយកំប៉ុង
- BY
- Pheakdey
- July 4, 2023
ចិន៖ តើលោកអ្នកហ៊ានចំណាយប្រាក់រហូតដល់ជាង ២០០ដុល្លារដើម្បីទិញមីមកឆុងញ៉ាំនៅផ្ទះដោយខ្លួនឯងដែរឬទេ? ជាទូទៅមនុស្សភាគច្រើនប្រាកដជាមិនហ៊ានចំណាយប្រាក់យ៉ាងច្រើនដូចនេះដើម្បីទិញមីញ៉ាំនោះទេ តែសម្រាប់ពលរដ្ឋចិនមួយចំនួនវិញបានដណ្តើមគ្នាទៅទិញមីកំប៉ុងខ្នាតយក្សមួយប្រភេទដែលមានតម្លៃដ៏ខ្ពស់នេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឲ្យដឹងថា ហេតុការណ៍ដ៏កម្រខាងលើបានកើតឡើងកាលពីដើមសប្តាហ៍នេះនៅក្នុងហាងលក់ទំនិញមួយកន្លែងក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន។

ប្រភពខាងលើបានបន្តថា មីកំប៉ុងខ្នាតយក្សដែលកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិននេះជាផលិតផលរបស់ក្រុមហ៊ុន Sam’s Club ដែលត្រូវបានផលិតនិងរៀបចំឡើងយ៉ាងកម្រនិងមានចំនួនកំណត់សម្រាប់ធ្វើការដាក់លក់នៅលើទីផ្សារ។ មីកំប៉ុងយក្សត្រូវបានគេរចនាឡើងដោយមានកម្ពស់ ៤៥សង់ទីម៉ែត្រ ខណៈនៅក្នុងនោះមានផ្ទុកមីកំប៉ុងខ្នាតធម្មតាចំនួន ២៤កំប៉ុងនិងមានរសជាតិពិសេសផ្សេងៗគ្នា។ សម្រាប់តម្លៃរបស់មីកំប៉ុងយក្សវិញគឺមួយកំប៉ុងមានតម្លៃ ១,៩៩៩យន់ (២៧៧ដុល្លារ) ហើយនៅក្នុងថ្ងៃដាក់លក់នោះគេបានប្រទះឃើញមានពលរដ្ឋចិនជាច្រើនបានឈរតម្រង់ជួរគ្នាដើម្បីចូលទិញមីនៅក្នុងហាង ខណៈមីកំប៉ុងយក្សដែលមានចំនួនកំណត់ត្រឹមតែ ៥០កំប៉ុងនោះ ដែលត្រូវបានលក់ដាច់អស់ក្នុងរយៈពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






