អន្តរជាតិ

ហូឡង់គ្រោងហាមឃាត់មិនឲ្យកូនសិស្សយកទូរស័ព្ទទំនើប ថេប្លេត និងនាឡិកាឆ្លាតវៃមកក្នុងថ្នាក់រៀន ដើម្បីឲ្យពួកគេផ្តោតលើការសិក្សាឲ្យបានច្រើន

BY
Pheakdey
July 5, 2023

ហូឡង់៖រដ្ឋាភិបាលនៃប្រទេសហូឡង់គ្រោងនឹងធ្វើការហាមឃាត់មិនឲ្យកូនសិស្សយកទូរស័ព្ទទំនើប ថេប្លេត និងនាឡិកាឆ្លាតវៃមកក្នុងថ្នាក់រៀននោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី៥ ខែកក្កដានេះ។ គម្រោងនៃការហាមឃាត់នេះត្រូវបានធ្វើឡើង​ក្រោមហេតុផលថា ឧបករណ៍អេឡិចត្រូនិចទាំងនេះបានធ្វើឲ្យប៉ះពាក់ដល់គុណភាពនៃការសិក្សារបស់កូនសិស្ស ដ្បិតពួកគេបានផ្តោតអារម្មណ៍ទៅលើកម្មវិធីកំសាន្តផ្សេងៗក្នុងឧបករណ៍អេឡិចត្រូនិចជាងមេរៀននៅក្នុងថ្នាក់។

បើតាមលោក Robbert Dijkgraaf​ ដែលជារដ្ឋមន្ត្រីក្រសួងអប់រំហូឡង់បានបញ្ជាក់ថា នៅតាមសាលារៀនក្នុងប្រទេសហូឡង់បានបំពាក់នូវសម្ភារៈសិក្សាយ៉ាងសម្បូរបែបរួចទៅហើយសម្រាប់ឲ្យក្រុមកូនសិស្សធ្វើការសិក្សានិងស្រាវជ្រាវ ដូចនេះពួកគេមិនចាំបាច់ត្រូវប្រើប្រាស់ឧបករណ៍ទំនើបៗផ្ទាល់ខ្លួនបន្ថែមទៀតនោះទេសម្រាប់ការសិក្សានៅក្នុងថ្នាក់រៀន។ រដ្ឋម​ន្ត្រីរូបនេះបានបន្តថា តាមការកត់សម្គាល់នៅពេលកន្លងមកគឺនៅពេលដែលក្រុមកូនសិស្សមានឧបករណ៍អេឡិចត្រូនិចទំនើបពេញដៃនោះ ពួកគេតែងចំណាយពេលច្រើនជាមួយការប្រើប្រាស់បណ្តាញសង្គម ហ្គេម និងការកំសាន្តផ្សេងៗ និងសូវយកចិត្តទុកដាក់ក្នុងការសិក្សានោះទេ។ យ៉ាងណាក្តី គម្រោងខាងលើនេះនឹងត្រូវដាក់ឲ្យក្រុមអាណាព្យាបាលរបស់កូនសិស្សពិនិត្យនិងយល់ព្រមជាមុនសិននៅក្នុងខែតុលា ហើយបើគ្មានអ្វីជំទាស់នោះទេគឺរដ្ឋាភិបាលហូឡង់នឹងផ្តើមអនុវត្តវិធានការខាងលើនេះចាប់ពីឆ្នាំ ២០២៤តទៅតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: