អន្តរជាតិ

WHO គ្រោងនឹងប្រកាសព័ត៌មានលម្អិតពាក់ព័ន្ធនឹងសារធាតុផ្អែមសិប្បនិម្មិត Aspartame ថាជាសារធាតុអាចបង្កមហារីកក្នុងខែនេះ

BY
autoadmin
July 5, 2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក IARC ដែលជាទីភ្នាក់ងារមួយ របស់អង្គការសុខភាពពិភពលោក (WHO) គ្រោងនឹងធ្វើការប្រកាសពាក់ព័ន្ធនឹងសារធាតុផ្អែមសិប្បនិម្មិតអាស្ប៉ា​ថេម (Aspartame) ថាជាសារធាតុដែលអាចបង្កមហារីកដល់មនុស្ស។ អាស្ប៉ា​ថេម គឺផ្អែមជាងស្ករប្រហែល ២០០ដង ហើយវាជាសារធាតុផ្អែមសិប្បនិម្មិត ដែលគេប្រើញឹកញាប់បំផុត ជាពិសេសនៅក្នុងអាហារ និងភេសជ្ជៈ ប្រភេទកាឡូរីទាប ឬរបបអាហារ និងផលិតផលជាច្រើនទៀត រួមទាំងភេសជ្ជៈ ការ៉េម ស្ករកៅស៊ូ បង្អែម ទឹកជ្រលក់ និងអាហារសម្រន់។

IARC មិនទាន់បង្ហាញព័ត៌មានលម្អិតពាក់ព័ន្ធនឹងការស្រាវជ្រាវរបស់ពួកគេទេ ប៉ុន្តែ WHO គ្រោងនឹងចុះផ្សាយទិន្នន័យពេញលេញនៅថ្ងៃទី១៤ ខែកក្កដានេះ។ ខណៈ​ដែល​របាយការណ៍​បែប​នេះ​អាច​យល់​ថា ​គួរ​ឱ្យ​ព្រួយ​បារម្ភ ប៉ុន្តែវា​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ភ័យ​ខ្លាច​ក្នុង​ដំណាក់កាល​នេះ​ទេ។
អាស្ប៉ា​ថេម ត្រូវបានអនុម័តជាលើកដំបូងសម្រាប់ការប្រើប្រាស់ដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ក្នុងឆ្នាំ១៩៧៤ ហើយចាប់តាំងពីពេលនោះមក មានការអះអាងជាច្រើនអំពីផលប៉ះពាល់របស់វាទៅលើសុខភាព។ យូរៗទៅ អាស្ប៉ា​ថេម មិនត្រឹមតែត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាផ្សារភ្ជាប់នឹងជំងឺផ្សេងទៀតដូចជា៖ ក្រិន ពិការភ្នែក ប្រកាច់ បាត់បង់ការចងចាំ ធ្លាក់ទឹកចិត្ត ថប់បារម្ភ ពិការភាពពីកំណើត និងការស្លាប់។ ទោះជាយ៉ាងណាក៏ដោយ ការវាយតម្លៃជាញឹកញាប់ ដោយភ្នាក់ងារដូចជា WHO, FDA និងអាជ្ញាធរសុវត្ថិភាពចំណីអាហារអឺរ៉ុប (EFSA) បានរកឃើញថា គ្មានភស្តុតាងដើម្បីគាំទ្រការអះអាងទាំងនេះទេ។
រហូតមកដល់ពេលនេះ ភ្នាក់ងារធំៗទាំងអស់បានយល់ស្របថា វាមានសុវត្ថិភាពសម្រាប់មនុស្សម្នាក់ៗនៅក្នុងការទទួលទាន ៤០ មីលីក្រាម នៃអាស្ប៉ា​ថេម ក្នុងមួយគីឡូក្រាមនៃទំងន់រាងកាយរបស់ពួកគេក្នុងមួយថ្ងៃៗ។ នោះគឺប្រហែល ២.៨ ក្រាម ក្នុងមួយថ្ងៃ សម្រាប់មនុស្សពេញវ័យដែលមានទម្ងន់ ៧០ គីឡូក្រាម៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: