អាជ្ញាធរក្រុងបាងកកគ្រោងធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាក្នុងប្រព័ន្ធការងាររដ្ឋបាល ដើម្បីពន្លឿនការផ្តល់សេវាសាធារណៈជូនពលរដ្ឋមិនឲ្យលើសពី ១៥នាទី
- BY
- Pheakdey
- July 7, 2023
ថៃ៖ អាជ្ញាធរក្រុងបាងកកគ្រោងធ្វើបច្ចុប្បន្នភាពក្នុងប្រព័ន្ធការងាររដ្ឋបាលរបស់ខ្លួន ដើម្បីពន្លឿនការផ្តល់ជូនសេវាសាធារណៈមួយចំនួនទៅកាន់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សជាងមុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែកក្កដានេះ។ បើតាមរបាយការណ៍របស់អាជ្ញាធរក្រុងបាងកកបានបង្ហាញថា ចាប់តាំងពីខែមករារហូតមកដល់ខែមិថុនានេះ គឺមានពលរដ្ឋចំនួន ៧០,០០០នាក់បានមកស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ និងមានពលរដ្ឋចំនួន ៤០០,០០០នាក់បានមកស្នើសុំសេវាចុះបញ្ជីផ្ទះ។ 
នៅក្នុងរបាយការណ៍ដដែលនេះបានបង្ហាញទៀតថា ៥២%ក្នុងចំណោមពលរដ្ឋទាំងអស់ខាងលើនេះ បានចំណាយពេលច្រើនជាង ១៥នាទីក្នុងពេលមកសុំសេវាធ្វើអត្តសញ្ញាណប័ណ្ណ ឬចុះបញ្ជីផ្ទះ ហើយពួកគេត្រូវឈរតម្រង់ជួរយ៉ាងយូរនៅក្រៅការិយាល័យរដ្ឋបាលមូលដ្ឋានក្នុងខណ្ឌចំនួន ៥០ផ្សេងគ្នា។ ផ្អែកលើទិន្នន័យក្នុងរបាយការណ៍ខាងលើនេះ អាជ្ញាធរក្រុងបាងកកបានរកឃើញទៀតថា ភាពយឺតយ៉ាវក្នុងការផ្តល់សេវាសាធារណៈទាំងនោះគឺបណ្តាលមកពីខ្វះខាតបច្ចេកវិទ្យាទំនើបក្នុងការបំពេញការងាររបស់មន្ត្រីនៅតាមមូលដ្ឋាន។ តាមផែនការគឺអាជ្ញាធរក្រុងបាងកកនឹងធ្វើបច្ចុប្បន្នភាពក្នុងការងាររដ្ឋបាលគ្រប់ផ្នែកទាំងអស់ ដើម្បីពន្លឿនការផ្តល់សេវាសាធារណៈជូនពលរដ្ឋម្នាក់ៗមិនឲ្យលើសពី ១៥នាទីនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






