សិង្ហបុរីប្តូរមកប្រើប្រាស់ Laptop ក្នុងការប្រលងថ្នាក់ជាតិរបស់កូនសិស្ស ជំនួសឲ្យការប្រលងបែបបុរាណដែលប្រើប្រាស់ប៊ិកនិងក្រដាស
- BY
- Pheakdey
- July 8, 2023
សិង្ហបុរី៖ រដ្ឋាភិបាលនៃប្រទេសសិង្ហបុរីបានធ្វើការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងការប្រលងថ្នាក់ជាតិ ពោលគឺប្រើប្រាស់ការប្រលងអេឡិចត្រូនិចជំនួសឲ្យការប្រលងបែបបុរាណដែលបេក្ខជនត្រូវប្រើប្រាស់ប៊ិកនិងក្រដាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែកក្កដានេះ។ នៅក្នុងការប្រលងអេឡិចត្រូនិចនេះគឺសិង្ហបុរីនឹងប្រើប្រាស់កុំព្យួទ័រដៃ (Laptop) សម្រាប់ឲ្យបេក្ខជនធ្វើការប្រលងលើគ្រប់វិញ្ញាសាទាំងអស់ រួមទាំងវិញ្ញាសាផ្ទាល់មាត់ផងដែរ។

បើតាមក្រសួងអប់រំសិង្ហបុរីបានបញ្ជាក់ថា E-exam ឬការប្រលងអេឡិចត្រូនិច គឺជាជម្រើសដ៏ល្អប្រសើរមួយនៅក្នុងពេលបច្ចុប្បន្ននេះ ពោលគឺជាអំឡុងពេលដែលពិភពលោកកំពុងតែព្យាយាមប្រើប្រាស់បច្ចេកវិទ្យាមកជំនួយកម្លាំងពលកម្មមនុស្ស។ ការប្រលងអេឡិចត្រូនិចមិនត្រឹមតែផ្តល់ភាពងាយស្រួលសម្រាប់បេក្ខជនប្រលងនោះទេ តែវាក៏ផ្តល់ភាពងាយស្រួលក្នុងការកែវិញ្ញាសាប្រលងផងដែរ ដោយគេនឹងត្រូវការអ្នកកែវិញ្ញាសាក្នុងចំនួនតិច និងត្រូវការពេលវេលាខ្លីជាងការកែវិញ្ញាសានៅលើក្រដាសប្រលង៕

អត្ថបទ៖ ភក្តី
ប្រលង៖ The Strait Time
- Share This Post:






