អន្តរជាតិ

អាជ្ញាធរថៃបញ្ជាក់ថា ស្ពានដែលបានបាក់នៅក្រុងបាងកកនោះទំនងជាបង្កឡើងដោយរថយន្តស្ទូចដំណើរការខុសប្រក្រតី ខណៈគិតត្រឹមពេលនេះមានមនុស្សម្នាក់បានបាត់បង់ជីវិតនិង ៨នាក់រងរបួស

BY
Pheakdey
July 11, 2023

ថៃ៖ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរថៃស្តីពីគ្រោះថ្នាក់បាក់ស្ពានមួយកន្លែងនៅក្នុងទីក្រុងបាងកក ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Nation នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដានេះបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យស្ពានបាក់ទំនងជាបណ្តាលមកពីរថយន្តស្ទូចដំណើរការខុសប្រក្រតី។ គិតត្រឹមពេលនេះហេតុការណ៍បាក់ស្ពានបានបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និង ៨នាក់ផ្សេងទៀតបានរងរបួស។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះទាំង ៨នាក់នោះ គឺមានជនរងគ្រោះ ៤នាក់បានរងរបួសធ្ងន់ និងកំពុងព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតម្នាក់នោះគឺជាកម្មករ ដែលកំពុងធ្វើការងារនៅក្នុងការដ្ឋានសាងសង់ស្ពាននោះផ្ទាល់តែម្តង។ ក្រៅតែពីបានបង្កគ្រោះថ្នាក់ដល់មនុស្សហើយ ស្ពានដែលបានបាក់ធ្លាក់មកនោះក៏បានបង្កឲ្យមានការខូចខាតដល់រថយន្តក្រុងនិងរថយន្តរបស់អ្នកដំណើរអស់ជាច្រើនគ្រឿងផងដែរ។​ សូមបញ្ជាក់ថា ស្ពានដែលបានបាក់នេះគឺជាស្ពានបេតុង មានកម្ពស់ ២០ម៉ែត្រ មានទីតាំងស្ថិតនៅលើផ្លូវ  Lat Krabang និងបាក់ធ្លាក់មកកាលពីម៉ោង ៦ល្ងាច ថ្ងៃចន្ទ ម្សិលមិញនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Nation

Share This Post: