ចំនួនពលរដ្ឋឥណ្ឌាដែលទទួលមរណភាពដោយសារភ្លៀងមូសុងបន្តកើនឡើងដល់ ២៩នាក់
- BY
- Pheakdey
- July 11, 2023
ឥណ្ឌា៖ តំបន់ភាគខាងជើងនៃប្រទេសឥណ្ឌានៅតែបន្តទទួលរងការគំរាមគំហែងយ៉ាងខ្លាំងពីឥទ្ធិពលរបស់ភ្លៀងមូសុង ខណៈគ្រោះធម្មជាតិដ៏អាក្រក់នេះបានបណ្តាលឲ្យមានពលរដ្ឋឥណ្ឌាស្លាប់ចំនួន ១៤នាក់បន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១០ ខែកក្កដានេះ។ បើធ្វើការបូកសរុបចំនួនអ្នកស្លាប់តាំងពីចុងសប្តាហ៍មុនមក គឺគិតត្រឹមពេលនេះមានពលរដ្ឋឥណ្ឌាចំនួន ២៩នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារភ្លៀងមូសុង។

គួរបញ្ជាក់ជូនថា ឥទ្ធិពលនៃភ្លៀងមូសុងបានបង្កឲ្យមានជំនន់ទឹកភ្លៀងជនលិចយ៉ាងឆាប់រហ័ស និងបានធ្វើឲ្យតំបន់មួយចំនួនត្រូវជួបប្រទះនឹងបញ្ហាបាក់ស្រុតដីយ៉ាងលឿនផងដែរ។ បញ្ហាចម្បងទាំង ២នេះក៏បានជះឥទ្ធិពលអាក្រក់មួយចំនួនទៀតទៅកាន់ពលរដ្ឋឥណ្ឌាផងដែរ ដូចជាចរាចរណ៍នៅតាមដងផ្លូវមួយចំនួនត្រូវកកស្ទះ អាជីវកម្មមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន ពលរដ្ឋមួយចំនួនកើតមានជំងឺ ខណៈសម្បត្តិសាធារណៈមួយចំនួនដូចជាផ្ទះ និងស្ពានមួយកន្លែងត្រូវបានបំផ្លាញ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






